ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតនិងមានវិធានការផ្លូវច្បាប់ចំពោះពលរដ្ឋដែលមិនអនុវត្តន៍រុះរើដោយស្ម័គ្រចិត្ត ចំពោះការខូចខាតបាត់បង់ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ ដែលបានសាងសង់សំណង់ សំយ៉ាប លើកស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជនក្នុងក្រុងប៉ោយប៉ែត ពីព្រោះរយៈការកន្លងមកនេះ ពោលគឺកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានជូនដំណឹងឲ្យរុះរើដោយស្ម័គ្រចិត្ត ម្តងរួចទៅហើយ ប៉ុន្តែមិនចូលរួមអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលក្រុង ពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ដែមានសគណង់រំលោភកាន់កាប់ចូលចំណីផ្លូវសាធារណៈ ដោយមានការសាងសង់សំយ៉ាប តាំងលក់ទំនិញ រទេះលក់អាហារ កង់បី ស្លាកយីហោ នឹងការចតយានយន្តគ្រប់ប្រភេទ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ បាត់បង់នូវសោភ័ណភាព និងរបៀបរៀបរយក្នុងក្រុង ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេស ព្រោះក្រុងប៉ោយប៉ែតជាក្រុងមួយដែលមានសក្តានុពល សេដ្ឋកិច្ច និងមានភ្ញៀវជាតិ អន្តរជាតិចេញចូលជាប្រចាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ហើយនាពេលខាងមុខនេះ រដ្ឋបាលក្រុង និងរៀបចំផ្លូវថ្មើរជើងមួយសងខាងផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិ រហូតដល់មុខវត្តរតនរាមផ្សារកណ្ដាល និងរៀបចំផ្លូវថ្មើជើងផ្សេងទៀត នៅតាមផ្លូវសំខាន់ៗក្នុងទីប្រជុំក្រុង។ដើម្បីធានាឲ្យបាននៅសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ។នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុង ដែលបានចេញសេចក្តីជូនដំណឹងម្តងទៀតនាថ្ងៃទី២៣ ខែសីហា ឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ រុះរើនិងកាត់ចេញទាំងអស់ដោយស្ម័គ្រចិត្ត ។
លុះថ្ងៃទី២៤ ខែសីហា គ្រប់ចៅសង្កាត់ទាំងអស់ដឹកនាំក្រុមការងារ រួមជាមួយកងកម្លាំងប្រដាប់អាវុធ ចុះអនុវត្តតាមការណែនាំរបស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង ដោយចុះធ្វើការវាស់វែងនៅមុខផ្ទះ និងផ្សារ តាមបណ្ដោយផ្លូវសាធារណៈ ដោយបាញ់ថ្នាំគំនូសជាសញ្ញាកំណត់ចំណុចដែលលើស ដោយឱ្យម្ចាស់រុះរើនិងកាត់ចេញទាំងអស់ដោយស្ម័គ្រចិត្ត បើមិនស្ដាប់តាមការណែនាំ នឹងមិនចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតទេនោះ ដល់ថ្ងៃកំណត់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរក្រុង សង្កាត់ និងមានវិធានការតាមផ្លូវច្បាប់ ដោយមិនយោគយល់ ។
លោក គាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា រដ្ឋបាលក្រុងបានជូនដំណឹងច្រើនដងទៅហើយ មិនមែនជូនដំណឹងភ្លាមអនុវត្តភ្លាមនោះទេ ជាក់ស្ដែងដូចជាពេលនេះអញ្ចឹង បន្តជូនដំណឹងនិងទុកអាជ្ញាយុការ(ទុកពេល)ជូនពួកគាត់រយៈពេលមួយសប្តាហ៍ទៀតហើយដែរ។ លោកបន្តថា អាជ្ញាធរចុះបាញ់គំនូសកំណត់នេះ គឺត្រូវអនុវត្តមិនមែនបាញ់គំនូសហើយមិនធ្វើនោះទេ ដល់ថ្ងៃកំណត់បើសិនពួកគាត់មិនរុះរើអនុវត្តតាម អាជ្ញាធរនិងមានវិធានការតាមផ្លូវច្បាប់ ព្រោះរដ្ឋបាលក្រុងបានស្នើសុំគោលការណ៍គ្រប់លំដាប់ថ្នាក់ និងផ្លូវច្បាប់រួចរាល់អស់ហើយ ម្យ៉ាងវិញទៀតការចុះអនុវត្តនេះគឺស្មើភាពគ្នាទាំងអស់ ។ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់យើងល្អ ស្អាត ឱ្យសាកសមជាឈ្មោះទីក្រុង ៕
ដោយ៖ វណ្ណា