ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធមួយគូនៅខេត្តកំពង់ធំលែងលះគ្នា,ផ្ទះក៏ពុះជា២ចែកគ្នាដែរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រឿងងរ៉ាវជីវិតគូប្តីប្រពន្ធលើលោកនេះមិនអាចកំណត់ជោគវាសនាបាននោះទេ អ្នកខ្លះរួមរស់ជា មួយគ្នាប្រកបដោយភាពសុខសាន្តពេញ១ជីវិតនឹងគ្នា អ្នកខ្លះព្រាត់ប្រាស់គ្នាពាក់កណ្តាលជីវិតក៏មាន អ្នកខ្លះទៀតយកគ្នាជាប្តីប្រពន្ធបានមួយប៉ព្រិចភ្នែកក៏បែកបាក់គ្នាទៅ…..ដែលប្រការនេះគេតែងតែនិយាយថា ជីវិតគូរឿងជីវិតកម្ម ដោយខ្លះសមប្រកបនឹងខ្លះមិនសម ប្រកប។ ប្ដីប្រពន្ធខ្លះ ប្រើហិង្សាបែកមុខបែកមាត់ ប៉ុន្តែនៅតែមិនអាចលែងលះគ្នាដាច់។

ដោយឡែករឿងចំឡែកប្តីប្រពន្ធ១គូបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រព្រមរៀងៗខ្លួន…តែអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺពួកគេបានព្រមព្រៀងចែកទ្រព្យផ្សេងៗរួចរាល់អស់ហើយ តែដោយឡែកចំពោះផ្ទះវិញមិនព្រមចាញ់មិនព្រមឈ្នះរៀងៗខ្លួន។ ដូច្នេះដំណោះស្រាយមានតែសម្រេចពុះផ្ទះជាពីរដើម្បីឲ្យស្មើរភាពគ្នាដោយមិនខ្វល់ដល់កូនទាំងពីរនោះដែរ។

ហេតុការណ៍ប្លែកពីធម្មតានេះ បានកើតឡើងកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ចំណុចជិតផ្សារសំអាងរីករាយស្ថិតនៅអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកគឿន មេឃុំបឹងល្វាបានឲ្យដឹងតាមទូរស័ព្ទថា ប្តីប្រពន្ធ១គូដែលលែងលះគ្នានេះប្តីឈ្មោះ ចេវ ចិន្តា អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុន សុវែន អាយុ៣៨ឆ្នាំមានកូននៅក្នុងបន្ទុកគ្រួសារ២នាក់ ប្រុស១ ស្រី១ ដោយកូនស្រីច្បងអាយុ១៧ឆ្នាំនិងកូនប្រុសពៅអាយុ១៣ឆ្នាំ។

លោកមេឃុំបានបន្តទៀតថា ចំពោះរឿងរ៉ាវលែងលះនេះលោកបានពន្យល់ណែនាំនិងបានសម្របសម្រួល២ ទៅ៣លើករួចមកហើយ។ លោកមេឃុំលើកហេតុផលថា បើយើងលែងលះគ្នាវាអាណិតដល់កូនៗទាំង២ដែលស្ថិតនៅវ័យសិក្សា ព្រោះវាប៉ះពាល់ដល់អារម្មណ៍កូនៗយ៉ាងខ្លាំងបើយើងលែងលះគ្នា។

ទោះបីលោកមេឃុំពន្យល់ហេតុយ៉ាងណា ក៏ដោយ ក៏ប្តីប្រពន្ធ១គូនេះនៅតែសម្រេចថា ត្រូវតែលែងលះគ្នាឲ្យ ខាងតែបាន។ មិនត្រឹមប៉ុណ្ណោះ សូម្បីផ្ទះដែលរស់នៅជាមួយគ្នារាល់ថ្ងៃក៏ពុះចែកគ្នាជាពីរដោយមិនខ្វល់ពីអនាគតកូនៗទាំងពីរនោះដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖