ភ្នំពេញ ៖ សុន្ទរកថា លោក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាពសម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាល ទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ ជាក់ស្តែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម ៖
១. ភាពចាំបាច់ ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត ចតុកោណ ទាំង ៤ ដំណាក់កាល តាមរយៈ ការការពារឱ្យបានដាច់ខាត និង ការបន្តពង្រឹងនូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម; ការពង្រឹងការគោរពច្បាប់ និង វិធាននៃច្បាប់, ការលើកស្ទួយនីតិរដ្ឋ, សិទ្ធិសេរីភាព, សេចក្ដីថ្លៃថ្នូររបស់មនុស្ស និង លទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស និង ការអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិត ជីវភាព និង សុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និង គុណភាព សេវាសាធារណៈ ។
២. ភាពចាំបាច់ ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវ រដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ ហើយបំពេញ ការងារនៅក្នុង “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុង គ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន, ទាំងការដឹកនាំ, ការសម្របសម្រួល, ការត្រួតពិនិត្យ និង ការវាយតម្លៃ លើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា នៅក្នុងបរិការណ៍ន ការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច, ទាំងក្នុង និង ក្រៅប្រទេស ។
៣. ភាពចាំបាច់ ក្នុងការបន្តកសាង និង ពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ពិសេស តាមរយៈការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការ- លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និង សមត្ថភាពជំនាញរបស់ពលករ; ការពង្រឹងអភិបាល- កិច្ចវិស័យឯកជន និង ធុរកិច្ច; និង ការលើកកម្ពស់ការតភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធគ្រប់ប្រភេទ, ទាំងរឹង និង ទន់, រួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផង, ដើម្បី ឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើន ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ។
៤. ភាពចាំបាច់ ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់ កម្ពុជា និង ក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ច និង កត្តា បរិស្ថានធម្មជាតិ ដើម្បីពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ច និង ធានាចីរភាពនៃកំណើនខ្ពស់ តាម- រយៈការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទល់កំណើនសេដ្ឋកិច្ចដែលមានស្រាប់ និង វិស័យ ផ្សេងទៀតដែលកម្ពុជាមានសក្តានុពល ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ- ឧស្សាហកម្ម; ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ឧស្សាហូបនីយកម្ម; ការលើកកម្ពស់ ការប្រកួតប្រជែងស្មើភាព និង ការលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាង ភាពធន់ទល់នឹងគ្រោះអាសន្ន និង វិបត្តិនានា; ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និង ការទូត និង ការធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុង តំបន់ និង សកលលោក សំដៅ ទាញយកផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម ឱ្យបានជាអតិបរមាជូនប្រទេសជាតិ ។
៥. ភាពចាំបាច់ ក្នុងការដាក់ចេញ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ៕
ដោយ ៖ សិលា