ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាម សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀងបានអោយ ដឹងនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៥ថា សាលាដំបូងខេត្ត បានចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារ រួចហើយ ពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា នៅស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថា  កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:២០នាទី បន្ទាប់ពីបានមើលពីការបង្ហោះវីដេអូតាមបណ្តាញសង្គម ថាមានរថយន្តដឹកកម្មករ ០១គ្រឿង ផ្លាកលេខ ភ្នំពេញ ៣D-៩៣៨៦ បានបើកបរវ៉ាជែង និងរថយន្តមួយគ្រឿងទៀត ហើយបានខឹង និងមានការឈ្លោះប្រកែក ជេរប្រមាថគ្នាទៅវិញទៅមក ព្រមទាំងទាញដំបងដែក មក រកវាយគ្នា ខណៈពេលដែលកំពុងតែបើកបរនៅលើដងផ្លូវសាធារណ:។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចាត់អោយលោកវរសេនីយ៍ឯក អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះស្រាវជ្រាវភ្លាមៗ។

ជាលទ្ធផលការស្រាវជ្រាវ​រហូតដល់ម៉ោង ១៦​:១០នាទីរសៀល ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានរកឃើញរថយន្តសង្ស័យខាងលើ ចតទុកចោលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត​។  ក្រោយពីបានរកឃើញរថយន្តហើយ កម្លាំងការិយាល័យជំនាញក៏បានធ្វើការដកហូតរថយន្តនេះមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ដើម្បីរងចាំម្ចាស់ចូលខ្លួនបំភ្លឺ។

លុះនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ០៨:៣០នាទី អ្នកបើកបររថយន្តខាងលើ បានចូលខ្លូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ហើយកម្លាំងនគរបាលចរាចរណ៍បានធ្វើកំណត់ហេតុលើអ្នកបើកបររថយន្ត ដែលមានឈ្មោះ ឈៀង ចាន់រី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបរថយន្តដឹកកម្មករ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិ​ដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង ដែលបានធ្វើសកម្មភាពបើកបរវ៉ាជែង គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ និងប្រើហិង្សាពេលបើកបរនៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខខេត្តស្វាយរៀង ពិតប្រាកដមែន ព្រមទាំងពុំមានប័ណ្ណបើកបរ និងមានផ្ទុកសារធាតុញៀន ទៀតផង។​

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ក្នុងពន្ធនាគាររួចហើយ។

សមត្ថកិច្ច សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបើកបររថយន្ត ត្រូវរៀនបើកបរនៅសាលា និងមានប័ណ្ណបើកបរអោយត្រឹមត្រូវ ៕

ដោយ៖ សុថាន


ចែករំលែក៖