ខេត្តកណ្តាល៖ យោងតាមបណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាមេរិក CNN បានចុះផ្សាយពីការវាយតម្លៃលើគម្រោងធំទាំង ១១ របស់ពិភពលោកដែលមាននូវគម្រោងស្ថាបត្យកម្មល្អ និង មានឥទ្ធិពលលើពិភពលោក ក្នុងឆ្នាំ២០២៥។ ក្នុងចំណោមគម្រោងលំដាប់អន្តរជាតិធំទាំង១១នោះ ក៏មានដែលគម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F របស់ ប្រទេសកម្ពុជា ហើយបច្ចុប្បន្នគម្រោងដ៏ធំមិនធ្លាប់មានរបស់កម្ពុជានេះ គ្រោងនឹងបើកដំណើរការ នៅដំណាក់កាលទី១ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ CNN បានរាយការណ៍ថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នឹងមានអាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានលទ្ធភាពទទួលភ្ញៀវទេសចរបាន៦ដង បើកធៀបជាមួយព្រលានចាស់ និង ជាផ្នែកមួយដ៏សំខាន់របស់កម្ពុជា ដើម្បីជំរុញទេសចរណ៍ និង ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ និង ពិភពលោក។ហើយ អាកាសយានដ្ឋានអន្តរជាតិតេជោ មាន សមត្ថភាពទទួលអ្នកដំណើរ១៣លាននាក់ប្រចាំឆ្នាំ នឹងកើនឡើងដល់៣០ លាននាក់។
បើតាម CNN «អាកាសយានដ្ឋានអន្តរជាតិតេជោ»មានទីតាំងក្នុងខេត្តកណ្តាលរបស់ប្រទេសកម្ពុជា នឹងក្លាយជាអគារមួយក្នុងចំណោមអគារធំបំផុតនៅអាស៊ីអាគ្នេយ៍។គម្រោងស្ថាបត្យករនេះ នឹងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែងក៏បានដាក់វាឱ្យស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។
ប្រភពដដែលបន្តរាយការណ៍ថា ជាមួយនឹងទម្រង់ត្រូវបានបំផុសគំនិតដោយការរចនាបែបប្រពៃណីរបស់ខ្មែរ ដំបូលចំណតរបស់ស្ថានីយត្រូវបានគាំទ្រដោយ “ដើមឈើ” បំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតងត្រូពិច ការរចនាបង្ហាញពីសំបកខាងក្រៅដែកមានរាងដូចក្រឡាចត្រង្គរបស់អគារ ដែលអនុញ្ញាតឱ្យពន្លឺធម្មជាតិអាចបំភ្លឺដល់ខាងក្នុងដែលអាចមើលឃើញពោរពេញទៅដោយរុក្ខជាតិស្រស់ស្អាត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ សាងសង់បានប្រមាណជាង៩០ភាគរយ និងចាយលុយអស់ជាង១ពាន់៣រយលានដុល្លារអាមេរិក៕
ដោយ៖ តារា