ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ ជើងមេឃពណ៌ក្រហម (ត)

ចែករំលែក៖

ព្រះអាទិត្យរះឡើងមិនទាន់ ម៉ែបានដាស់ខ្ញុំ និងបងប្រុសឲ្យក្រោកឡើងហើយគាត់បានយកថ្នាំអាចម៍ទន្សាយមកឲ្យខ្ញុំលេបមុនពេលចេញទៅរោងសហករណ៍ជាមួយបងប្រុសរបស់ខ្ញុំ។ ទោះបីជាម៉ែមានទឹកមុខញញឹមមុនពេលចាកចេញទៅធ្វើការងារ ក៏ខ្ញុំនៅតែព្រួយបារម្ភ។ ខ្ញុំបានសង្កេតឃើញទឹកមុខម៉ែស្លេកស្លាំងប្លែកខុសពីធម្មតា។ ដំណើររបស់គាត់មើលទៅហាក់ដូចជាមិនសូវស្រួលសោះ។ ខ្ញុំបានអង្គុយរង់ចាំម៉ែមកផ្ទះវិញទាំងមានអារម្មណ៍ថាមិនសុខស្រួលក្នុងចិត្ត។ ខ្ញុំអង្គុយលេបទឹកមាត់ព្រោះខ្ញុំឃ្លានខ្លាំងណាស់ហើយថ្ងៃត្រង់ទៅហើយ ខ្ញុំនៅមិនទាន់មានថ្នាំលេបទៀត។មិនយូរប៉ុន្មានខ្ញុំបានឃើញម៉ែ ត្រឡប់មកវិញដោយក្នុងដៃរបស់គាត់មានកាន់ចានមួយមកជាមួយដែរ។ នៅក្នុងចានមានបបររាវសុទ្ធតែទឹកជាមួយបន្លែត្រកួនដោយមិនសូវឃើញគ្រាប់អង្ករនោះទេ។ នេះពិតជាអាហារឆ្ងាញ់ៗណាស់ដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំ។ នៅពេលម៉ែយកបបរមកដល់គាត់បានឱ្យខ្ញុំហូបភ្លាមៗហើយសួរខ្ញុំថា យ៉ាងម៉េចហើយស្មីកូន បានធូរខ្លះហើយឬនៅ ? ខ្ញុំមិនបានឆ្លើយតបទៅនឹងសំណួររបស់ម៉ែទេ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ថានឹកពុកណាស់ដោយព្រួយបារម្ភពីពុករកអ្វីផ្ទឹមពុំបានទេ រួចខ្ញុំក៏សួរទៅកាន់ម៉ែថា ” ម៉ែពុក នៅឯណាខ្ញុំនឹកពុកណាស់ ពុកបានបាត់ទៅច្រើនថ្ងៃហើយនៅមិនឃើញគាត់ត្រឡប់មកវិញទៀត។ កូនភ័យណាស់ម៉ែ” ។ ” សួររកឪនាងឯងស្អីបង្ហាញចរិតជាខ្មាំងបង្កប់ខ្លួនច្បាស់ចែស មិត្តឯងមកផ្ទះទាំងថ្ងៃចោលរោងសហករណ៍ហ្នឹង គឺដើម្បីយកបបរមកឲ្យនាងនេះស៊ីឬ? មើលទៅម្នាក់ៗមិនដែលទុកអង្គការនៅក្នុងភ្នែកទេ ទើបប្រឹងប្រែងបញ្ចេញចរិតប្រឆាំងបែបនេះ ” ។ សំឡេងខ្លាំងៗនេះគឺចេញពីមាត់ស្ត្រីម្នាក់ដែល ស្លៀកឈុតខ្មៅ ពាក់ស្បែកជើងកង់ឡានមានឋានៈជាមេកង និងមានកូនចៅឈរនៅពីខាងក្រោយខ្នង ដៃកាន់កាំភ្លើងវែងបាននិយាយមកកាន់ម្ដាយរបស់ខ្ញុំនិងខ្ញុំ។ ពួកយើងភ័យតក់ស្លុតជាខ្លាំង។

   អ្នក រិន ឯងគឺជាប្រជាជនថ្មីនៅទីនេះអង្គការមានគុណបំណាច់យ៉ាងធំធេងដោយបានចែកផ្ទះឲ្យរស់នៅ ប៉ុន្តែអ្នករិនឯងនៅចេះលួចយករបបអាហារមកឱ្យនាងក្មេងនេះទៀត បើវារំអួយ បើវាធ្វើអីមិនកើត មិនបាច់ឱ្យវាស្អីក៏បានដែរ នៅសម្លឹងមុខដល់អង្កាល់ទៀតថ្មើរណាទើបត្រឡប់ទៅរោងសហករណ៍វិញ។ ម្ដាយរបស់ខ្ញុំឈ្មោះ សារិន ទើបមេកងនារីនោះហៅគាត់ថា អ្នករិន បែបនេះ។ អ្នកណាក៏ដឹងថាមេកងនារីដែលមានវ័យប្រហែលជាង ៤០ ឆ្នាំនេះមានគំនិតផ្ដាច់ការ អាងខ្លួនជាប្រពន្ធមេភូមិដើរល្បាតគ្មានខ្លាចអ្នកណាឡើយ។

   ” តែមិត្តអើយកូនរបស់ខ្ញុំវាក្តៅខ្លួន ទើបខ្ញុំស្រូតនិងមកអើតមើលបន្តិចទៅ ប្រញាប់បានជាសះស្បើយទើបមានកម្លាំងទៅបម្រើអង្គការវិញ” ។ ម៉ែរបស់ខ្ញុំតបទៅវិញដោយសំឡេងតិចៗក្នុងន័យលួងលោម” ។ អង្គការយើងមិនត្រូវការពាក្យលួនតួអង្វររបស់អ្នកណានោះទេ មិត្តរិនឯងប្រយ័ត្នខ្លួនបន្តិចទៅ មិត្តរិនឯងត្រូវចាំផងថា ប្ដីរបស់មិត្តរិនឯងទើបតែអង្គការបញ្ចូនទៅរៀនសូត្រ បើសិនមិត្ត រិន ឯងមិនចង់ទៅរៀនសូត្រទេនោះ ត្រូវខំប្រឹងប្រែងធ្វើការងារបន្តិចទៅ” ។ ស្ត្រីមេកងដែលត្រូវបានគេស្គាល់ថាឈ្មោះមិត្តរឿននោះ បាននិយាយតបជាមួយម្ដាយខ្ញុំទាំងគំរោះគំរើយ។ម្ដាយរបស់ខ្ញុំនៅតែព្យាយាមលួងលោមបន្តទៀត។ ប៉ុន្តែមិត្តរឿន បាននិយាយកាត់សំដីរបស់ម្ដាយខ្ញុំថា ” មិត្តឯងកុំព្យាយាមលន់តួអង្វរខ្ញុំអី ឆាប់ទៅរោងសហករណ៍វិញទៅ ហើយមិត្តតូចនេះឆាប់មកតាមខ្ញុំទៅរើសអាចម៍ជាមួយកងក្មេងៗវិញ។ នៅពេលមិត្តរឿននិយាយចប់ បាននាំខ្ញុំទៅរោងសហករណ៍ក្មេងៗវិញ ដើម្បីរើសជីលេខ១។ មិត្តរឿន ចោទថា ខ្ញុំលួចខ្ជិលខិលខូចមិនចង់ធ្វើការងារ។ មែនហើយខ្ញុំភ្លេចគិតថាខ្ញុំខ្ពើមអាចម៍មនុស្សហើយវាស្អុយពិតមែន ប៉ុន្តែនេះគឺជាបញ្ជារបស់អង្គការ។ ពេលល្ងាចក្រោយពេលចេញពីរោងសហករណ៍ ខ្ញុំចេះតែសម្លឹងរកមើលបងប្រុសរបស់ខ្ញុំ។ ខ្ញុំបានឮប្រធានកងចល័តប្រាប់ថាបងប្រុសខ្ញុំត្រូវអង្គការបញ្ជូនឲ្យទៅហាត់នៅកងកុមារឆ្ងាយពីផ្ទះ។

   មកដល់យប់នេះខ្ញុំក្អកខ្លាំងណាស់ ព្រោះខ្ញុំគ្រុនផ្ដាសសាយមិនទាន់ជាសះស្បើយស្រួលផង អង្គការក៏បានហៅខ្ញុំឲ្យត្រឡប់ទៅធ្វើការវិញ។ ម៉ែរបស់ខ្ញុំភ័យណាស់នៅពេលឃើញខ្ញុំក្អកខ្លាំងយ៉ាងនេះ។ គាត់បានឲ្យខ្ញុំដេកទ្រោបនៅលើគ្រែ រួចបានដោះអាវខ្ញុំចេញដើម្បីកោសខ្យល់ឲ្យខ្ញុំ។ ” ទ្រាំបន្តិចទៅកូន នៅពេលដែលម៉ែកោសខ្យល់ឲ្យរួចហើយកូននឹងបានធូរស្បើយជាមិនខាន”  ម៉ែនិយាយលួងលោមខ្ញុំដោយសំដីទន់ភ្លន់ ប៉ុន្តែខ្ញុំនៅតែត្អូញត្អែរប្រាប់គាត់បន្ថែមទៀតថាតែកូនពិបាកក្នុងខ្លួនណាស់ម៉ែ ប្រសិនបើកូនយ៉ាងម៉េចទៅ ម៉ែថែរក្សាខ្លួនផង កូនម្នាក់នេះមិនបាននៅក្បែរម៉ែបន្តទៅមុខទៀតទេ។ ម្ដាយខ្ញុំបានលើកទឹកចិត្តខ្ញុំថា ខ្ញុំមិនអីទេហើយប្រាប់ខ្ញុំឲ្យខិតខំដេក។ សំឡេងលាន់ឮប្រាវៗពីខាងក្រៅមក រួមជាមួយសំឡេងស្រែកថា ” ម៉េចដុតភ្លើងដល់យប់អធ្រាត្រម៉្លេះ? ” និយាយមិនទាន់ចប់ផង មិត្តរឿនបានទម្លុះទ្វារចូលមកក្នុងខ្ទមរបស់ខ្ញុំ ដោយមានកូនចៅម្នាក់មកជាមួយផង។ ខ្ញុំ និងម៉ែភ័យឡើងស្លន់ហើយម៉ែបានយកម្រាមដៃ ១០ លើកសំពះមិត្តរឿនទាំងភ័យញ័រទទ្រាក់ទទ្រើតថា ” អត់ទេមិត្តខ្ញុំគ្រាន់តែកោសខ្យល់ឲ្យកូនទេតើ កូនរបស់ខ្ញុំវាក្អកហត់ពេកទើបខ្ញុំអុជចង្កៀងបំភ្លឺដើម្បីកោសខ្យល់ឲ្យវាទៅ។ មិត្តរឿននិយាយមកកាន់ខ្ញុំដោយសំដីគ្រោតគ្រាត ថែមទាំងបានសម្លក់ខ្ញុំដូចចង់ស៊ីសាច់។ ” មិត្តឯងងាកឈឺៗ ប្រយ័ត្នយើងអត់មិនបានចាប់បញ្ជូនឱ្យទៅរៀនសូត្រ

អង្គការចាត់តាំងមានប្រសាសន៍មិនខុសទេ ពួកសួនតួទុកក៏មិនចំណេញដកចេញក៏មិនខាតដែរ” និយាយរួចមិត្តរឿនបានដើរចេញត្រឡប់ទៅវិញ ដោយទាញទ្វារខ្ទមបិទលាន់ឮសូរប្រាវ។ ខ្ញុំខ្លាចណាស់ទើបខ្ញុំប្រញាប់ស្រវាឱបម៉ែជាប់នៅក្នុងដៃទាំងញ័រខ្លួន។

   ជើងមេឃមានពណ៌ក្រហមច្រាល នៅពេលដែលខ្ញុំសម្លឹងមើលទៅព្រះអាទិត្យកំពុងតែរះសន្សឹមៗ មកបំភ្លឺផែនដីនារដូវវស្សា។ ខ្ញុំ និងកុមារផ្សេងទៀតកំពុងតែនាំគ្នាដើរជាជួរៗទៅកាន់រោងសហករណ៍កុមារដោយមានកងចល័តប្រុសពីរនាក់ដើរតាមពីខាងក្រោយខ្នង។ ខ្ញុំក្អកតិចៗព្រោះអាការៈគ្រុនផ្តាសសាយរបស់ខ្ញុំនៅមិនទាន់ជានៅឡើយទេ។ មិត្តបងដែលជាមេកងរបស់ខ្ញុំនៅពេលឃើញខ្ញុំឈឺបែបនេះចង់ឲ្យខ្ញុំត្រឡប់ទៅសម្រាកនៅផ្ទះវិញ ប៉ុន្តែមិត្តរឿនបានមកដល់ ហើយនិយាយថា ហេតុអី្វបានជាមិត្តពីរនាក់ឯងចិត្តធំចង់ឱ្យមិត្តម្នាក់នេះឈប់សម្រាកដោយគ្មានមូលហេតុអ៊ីចឹង។ ឬមួយមិត្តពីរនាក់ឯងយកមនោសញ្ចេតនាមកប្រើទីនេះ? មិត្តប្អូននេះត្រឹមតែគ្រុនផ្ដាសាយប៉ុណ្ណឹង ពេលធ្វើការចេញញើសលែងឈឺហើយ ណាមួយនៅទីនេះមិនត្រូវការមនុស្សរំអួយមកធ្វើការក្នុងសហករណ៍នេះទេ។ មិត្តបងម្នាក់នៅតែមិនអស់ចិត្តគាត់ហាក់ដូចជាស្ទាក់ស្ទើរក្នុងការបកស្រាយដើម្បីឲ្យខ្ញុំបានសម្រាកព្រោះតែក្តីអាណិត។ ប៉ុន្តែមិត្តរឿនឆ្លើយមកថា តែមិត្តឯងហ្នឹងមែនប្រយ័ត្នមាត់បន្តិចទៅមិត្តឯង កុំចង់ការពារខ្មាំងឲ្យសោះមិត្តឯងក៏ដឹងដែរថា មិត្តប្អូនម្នាក់នេះគឺជាប្រជាជនថ្មីដែលមិនយូរប៉ុន្មានថ្នាក់លើច្បាស់ជាចេញច្បាប់មកដើម្បីជម្លៀសពួកគេចេញពីទីនេះមិនខាន។ ពេលពួកគេទៅផុតអ្នកដែលមានបញ្ហា គឺមិត្តឯងហ្នឹងហើយ។ មិត្តរឿន បានយកចង្អុលដៃរបស់គាត់មកចង្អុលចំកណ្ដាលក្បាលរបស់មិត្តបង រួចក៏ដើរចេញទៅក្នុងដំណើរពើងទ្រូងងើយមុខឡើង។ (នៅមានត)


ចែករំលែក៖