ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ស្រ្តីឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឈឺពោះសម្រាលកូននៅផ្ទះរបស់គាត់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥  ស្រ្តីឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ   បានឈឺពោះសម្រាលកូននៅផ្ទះរបស់គាត់ក្នុងភូមិម្រេច គឺជាផ្ទៃពោះកូនដំបូង ប៉ុន្តែផ្ទៃពោះទើបតែបាន ២៨សប្ដាហ៏ (ស្មើនឹង៧ខែ)។ ស្រ្តីនោះបានរៀបរាប់ប្រាប់ថា ខ្លួនគាត់មិនដឹងថាឈឺពោះសម្រាលកូនទេ ពេលទៅបត់ជើងតូចក៏សម្រាលភ្លាម ពេលនោះបងប្អូនឪពុកម្តាយ ក៏ហៅគោយន្ត និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។  ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិ បានទូរស័ព្ទ ទៅប្រធានមណ្ឌលសុខភាពកោះកេរ្តិ។ នេះជាការបញ្ជាក់លើផេកផ្លូវការរបស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា ៖ ក្រោយពីទទួលបានពត៌មាននោះភ្លាម លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរ្តិ បានបញ្ជូនរថយន្តគិលានសង្គ្រោះ និងឆ្មបដើម្បីទៅទទួលស្រ្តីនោះ និងបានជួយសង្គ្រោះដល់ម្ដាយ និងទារក។ ក្នុងអំឡុងពេលនោះ ដែរ ស្រ្តី ត្រូវបានក្រុមគ្រួសារបញ្ជូនមកមណ្ឌលសុខភាពតាមគោយន្ត។ ក្រុមរថយន្តគិលានសង្រ្គោះ និងឆ្មបរបស់មណ្ឌលសុខភាពកោះកេរ្តិ បានជួបនឹងគោយន្ដដែលដឹកស្រ្តីនោះតាមផ្លូវ ហេីយឆ្មបក៏បានសង្គ្រោះទារកដែលទើបកើតដែលមានទំងន់តែ ១គីឡូក្រាមតែប៉ុណ្ណោះ ដោយរុំនឹងក្រណាត់ក្រាស់ៗ ដើម្បីឲ្យទទួលបាននូវភាពកក់ក្ដៅ និងបានធ្វើការទំលាក់សុក (placenta)។  បន្ទាប់មកក្រុមគ្រូពេទ្យ បានបញ្ជូនស្រ្តីជាម្ដាយ និងទារក ទៅកាន់មណ្ឌលសុខភាពកោះកេរ្តិ ដើម្បីពិនិត្យ និងសំអាតស្បូន។ ដោយទារកមានទំងន់ទាបពេក(ទំងន់ ១គីឡូក្រោម) ហេីយមណ្ឌលសុខភាព នៅគៀកទៅនឹងខេត្តសៀមរាប លោកស្រីប្រធានមណ្ឌលសម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារក ទៅមន្ទីរពេទ្យគន្ធាបុប្ផានៅខេត្តសៀមរាប ដើម្បីបន្តការតាមដាន និងព្យាបាល ដោយរថយន្តគិលានសង្រ្គោះរបស់មណ្ឌលសុខភាព។ ទាំងម្ដាយ និងទារក ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ខេត្តសៀមរាប ដោយសុវត្ថិភាព។  

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានលើកឡើងថា ៖ ទង្វេីរដ៏ល្អប្រពៃនេះ គឺជាការបេីកទំព័រឆ្នាំថ្មី២០២៥ ដ៏ល្អណាស់ និងជាការបញ្ជាក់ពីទឹកចិត្តគ្រូពេទ្យចំពោះអ្នកមានធុរ: និងមានតម្រូវការជួយសង្គ្រោះបែបនេះផងដែរ។  

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសេីរ នូវការប្រតិបត្តិរបស់ក្រុមគ្រូពេទ្យមណ្ឌលសុខភាពកោះកេរ្តិ ប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធ៍មខ្ពស់ ក្នុងការខិតខំជួយសង្គ្រោះទាំងម្តាយ និងទារក ហេីយបានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា នៅខេត្តសៀមរាប ដោយសុខសុវត្ថិភាព។  សូមលោកស្រីប្រធាន និងក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពកោះកេរ្តិទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ ចម្រុងចម្រេីន និងបន្តរក្សា និងបង្កេីននូវគំរូការងារដ៏ល្អនេះ ដេីម្បីជួយសង្គ្រោះអាយុជីវិតប្រជាជននៅក្នុងតំបន់គ្របដណ្តប់នៃមណ្ឌលសុខភាពនេះ ជាបន្តទៀត និងរក្សាសាមគ្គីភាពគ្នាល្អ មានវឌ្ឍនភាពថ្មីៗទៀតសម្រាប់កិច្ចការរបស់ខ្លួនផងដែរ។  រីករាយឆ្នាំថ្មី ២០២៥! ៕

ដោយ ៖ សិលា


ចែករំលែក៖