ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ Idalia នឹងបង្កើនកម្លាំងពេលវាយប្រហារចូលរដ្ឋ Florida

ចែករំលែក៖

ព្យុះត្រូពិកបានវាយប្រហារចូលតំបន់ឈូងសមុទ្រមុិចស៊ីកូ បានប្រែក្លាយទៅជាព្យុះសង្ឃរា កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងរដ្ឋផ្លរីដា និងតំបន់ភាគអាគ្នេយ៍អាមេរិកក្នុងពេលដ៏ខ្លីខាងមុខ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ព្យុះត្រូពិកឈ្មោះ Idalia អាចនឹងកើនឡើងថាមពលទៅជាព្យុះហឺរិខិននាថ្ងៃចន្ទនេះ ហើយនាំមកនូវខ្យល់បោកបក់ខ្លាំង រួមជាមួយទឹកជំនន់ទៅលើប្រទេសគុយបានិងរដ្ឋ Florida របស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។
អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា ព្យុះខាងលើបច្ចុប្បន្នមានកម្លាំងខ្យល់ខ្ទង់៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចឈានដល់ កម្លាំងនៃព្យុះហឺរីខិនកម្រិតទី២ ដែលមានល្បឿនខ្យល់បក់ចន្លោះពី១៥៤-១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាត្រូវបានព្យាករថា នឹងធ្វើដំណើរទៅដល់រដ្ឋ Florida ក្នុងអំឡុងថ្ងៃពុធសប្តាហ៍នេះ។
យោងតាមសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យ របស់មជ្ឈមណ្ឌលជាតិតាមដានព្យុះហឺរីខិន NHC របស់សហរដ្ឋអាមេរិក ព្យុះ Idalia កំពុងស្ថិតនៅក្បែរច្រកសមុទ្រ Yucatan ចម្ងាយប្រហែល២៣៥គីឡូម៉ែត្រពីភាគខាងលិចប្រទេសគុយបា។ ព្យុះនេះអាចនឹងបង្កឱ្យមានគ្រោះទឺកជំនន់ ដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងនៅតាមតំបន់ជាប់បណ្តោយឆ្នេរភាគខាងលិច និងតំបន់ភាគពាយព្យនៃរដ្ឋ Florida ព្រមទាំងតំបន់ភាគខាងត្បូងរដ្ឋ Georgia ចាប់ពីចន្លោះយប់ថ្ងៃអង្គារ ដល់ថ្ងៃពុធសប្តាហ៍នេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖