ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាបង្ហាញពីទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច គួរឱ្យគយគន់នៅស្រះស្រង់ ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរទស្សនា

ចែករំលែក៖

ខេត្តសៀមរាប៖ នៅថ្ងៃទី ២៨ សីហា ២០២៣នេះអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរ និយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេស ប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះនៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះ ស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃ លិចបានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែងឡើយ។

លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹកបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។

ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕

ដោយ៖ សូរិយា


ចែករំលែក៖