ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារនៃជំនួបរបស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយ លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។

នៅក្នុងជំនួបនេះ លោក ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់​ លោកកិតិ្តទេសាភិបាលបណ្ឌិត និង បានសម្តែងនូវការអបអរសាទរដល់លោកកិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ លោកក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ លោកក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។

ជាការឆ្លើយតប លោកកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឆុង វ៉ាងគឺន  និងបានសម្តែងនូវអំណរគុណចំពោះលោក និងជាពិសេស ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះការណ៍ដែល លោកកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃនីតិកាលទី ៧ នៃរដ្ឋសភា។ លោកកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ លោកកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។ 

ជាចុងបញ្ចប់ លោកកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោក ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់លោកកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ ។ 

ជាទីបញ្ចប់ លោកកិត្តិទេសាភិបាលបណ្ឌិត បានសំដែងនូវអំណរគុណចំពោះប្រធានាធិបតីកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរ និងបានជូនពរ លោក ឆុង វ៉ាងគឺន សូមទទួលបានជោគជ័យផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរឱ្យការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖