ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងលោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
នៅវិមានសន្តិភាព ព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសម្តែងការគួរសម និងជម្រាបលារបស់លោកស្រី ម៉ារីយ៉ា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Morero) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។
នៅក្នុងជំនួបនេះ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរណូ (Maria Del Carmen Moreno) បាន សម្តែងនូវការអបអរសាទវចំពោះ លោកកិត្តិទេសាភិបាលបណ្ឌិតដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ លោកស្រីក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា ដូចជាការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ ការដាក់ចេញនូវកម្មវិធី ជំនួយសង្គមដ៏មានប្រសិទ្ធភាព និងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយមោទនភាព ជាពិសេស ការជំរុញឱ្យប្រទេសភូមាកាន់តែចូលរួមក្នុងកិច្ចសន្ទនា។ លោកស្រីក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់ សហភាពអ៊ឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិ- បាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ លោកកិត្តិទេសាភិបាលបណ្ឌិត ។ ជាមួយគ្នានេះ ដោយភ្ជាប់ជាមួយនឹងការជម្រាបលា លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូន លោកកិត្តិទេសាភិបាលបណ្ឌិតថា ,លោកស្រីនឹងបន្តបេសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើកម្ពុជា បង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជាដើម្បីចែករំលែកនៅទីនោះ ។
ជាកិច្ចឆ្លើយតប លោកកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមករវាងកម្ពុជានិងសហភាព អឺរ៉ុប ។ លោកកិត្តិទេសាភិបាលបណ្ឌិតក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខរាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើ ការកសាងមូលធនមនុស្ស ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យរដ្ឋបាល សាធារណៈ ។
ជាចុងក្រោយ – កម្ពុជា និងសហភាពអឺរ៉ុបបានប្ដេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យដែលជា អាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស វិស័យបណ្តុះបណ្តាលជំនាញ វិស័យសុខាភិបាល និង វិស័យមុខងារ សាធារណៈ ដែលជាកិច្ចការសំខាន់ៗ នៃការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកកិត្តិទសាភិបាលបណ្ឌិត ក៏ បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១- ២០២៧- ដំណាក់កាលទី២ បន្ថែមទៀតដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។
ជាទីបញ្ចប់ លោកកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកស្រីទទួលបានជោគជ័យក្នុង បេសកកម្មរបស់លោកស្រីបន្តទៀតនៅថ្ងៃអនាគត ៕
ដោយ ៖ សិលា