ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ចុះពិនិត្យ ប្រឡាយ លូ បឹងសាឡាង ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ លោក ​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ សីហានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាអោយ លូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។

   លោកឃួង ស្រេង ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែងនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនេះ លោកបានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូ ចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយបឹងសាឡាងយ៉ាងសំខាន់ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។ ក្រោយពីការពិនិត្យលូ លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ មើលប្រឡាយ បឹងសាឡាងផងដែរ ដោយលោកបញ្ជាអោយ មន្ទីរសាធារណការនិងដឹកជញ្ជូូនរាជធានីភ្នំពេញស្តារភក់នៅក្នុុងប្រឡាយនេះអោយបានជ្រៅ ធ្វើយ៉ាងណាអាចនាំទឹកទៅដល់ប្រឡាយស្ទឹងមានជ័យ។

    សូមបញ្ជាក់ថា៖ ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវបានលោកឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម ពីផ្លូវ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ។ ប្រឡាយបឹងសាឡាង មានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ ខណ្ឌទទួលគោក ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅ ស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញធ្វើការស្តារជាបន្ទាន់ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕

ដោយ ៖ សំរិត


ចែករំលែក៖