ភ្នំពេញ ៖ យុវតីម្នាក់ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិជ្ជាបានជិះម៉ូតូសុខៗត្រូវបានរថយន្តឡង់គ្រីស័របើកបុកបណ្ដាលឱ្យខ្ទាតទៅប៉ះរថយន្ត camryបាឡែនធ្វើឱ្យដួលហើយត្រូវរថយន្តឡង់គ្រីស័របេីកកិនក្បាលនារីរងគ្រោះស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវ៣៧១សឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពយុវតីរងគ្រោះមានឈ្មោះ ភី ស្រីណេង អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី៣ផ្នែកព័ត៌មានវិទ្យា រៀននៅសាកលវិទ្យាល័យ សុីតិច ស្នាក់នៅម្តុំសង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់ឃើញនារីរងគ្រោះជិះម៉ូតូម៉ាកZoomer-x ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ចាម 1U.6786 តាមបណ្ដោយផ្លូវ ៣៧១ (សឡា) ក្នុងទិសដៅពីត្បូងទៅជើងដោយមានល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុកខាងលើក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AE.7684 បើកបរដោយបុរស ម្នាក់មកពីក្រោយស្របទិសគ្នាជាមួយនឹងម៉ូតូបានមកបុកម៉ូតូចំកាងខាងមុខបណ្ដាលឱ្យម៉ូតូដួលខ្ទាតទៅប៉ះរថយន្ត camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AE.7524 បើកបរដោយបុរសម្នាក់បញ្ជ្រាសទិសគ្នាក្នុងទិសដៅពីជើងទៅត្បូងហើយក៏ខ្ទាតនារីរងគ្រោះមកខាងស្ដាំដៃត្រូវរថយន្តឡង់គ្រីស័រ កិនក្បាលនារីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ ភ្លាមៗនោះតៃកុងរថយន្តបង្កហេតុបានបេីកអែបចិញ្ចើមផ្លូវរួចក៏ឈប់បើកទ្វារចុះរត់បាត់ស្រមោលទៅ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ