ភ្នំពេញ ៖ យុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១)របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
I-បាវចនា ទាំង៥៖ (១)កំណើន (២)ការងារ (៣)សមធម៌ (៤)ប្រសិទ្ធភាព និង(៥)ចីរភាព។
II-អាទិភាពគន្លឹះ ទាំង៥៖ (១)មនុស្ស (២)ផ្លូវ ៣)ទឹក (៤)ភ្លើង និង(៥)បច្ចេកវិទ្យា។
III-គោលដៅយុទ្ធសាស្ត្រ ទាំង៥៖
(១) ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។
(២) បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណនិងគុណភាពជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន។
(៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និង បន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។
(៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង លើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
(៥) ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
IV-ស្នូលនៃយុទ្ធសាស្ត្រគឺ ការកែទម្រង់ និង ការពង្រឹងអភិបាលកិច្ច, ដោយមានមុំ ចំនួន៥៖
(១) ការពង្រឹង និង ការកែទម្រង់ស្ថាប័ន។
(២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និង ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ។
(៣) ការលើកកម្ពស់ និង ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។
(៤) ការលើកកម្ពស់ និង ការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌។
(៥) ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និង ធុរកិច្ច។ និងមានបរិស្ថានគ្របដណ្តប់មុំទាំង៥៖
(១) ការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។
(២) ការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ និង ឈ្លាសវៃ។
(៣) ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
(៤) ការបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និង ស័ក្ដិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
(៥) ការបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ និង សាកលលោក។
V-បញ្ចកោណ ទាំង៥៖
(១) ការអភិវឌ្ឍមូលធនមនុស្ស។
(២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើនភាពប្រកួតប្រជែង។
(៣) ការអភិវឌ្ឍវិស័យឯកជន និង ការងារ។
(៤) ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និង បរិយាបន្ន។
(៥) ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ៕
ដោយ ៖ សុខ ខេមរា