ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី លោកបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកដែលចង់ធ្វើបាតុកម្មនៅអាមេរិក កុំឱ្យធ្វើខុសច្បាប់ និងអនុវត្តន៍សិទ្ធិសេរីភាពហួសព្រំដែន

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលចង់ធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក នៅទីក្រុងញូវយ៉ក មិនត្រូវធ្វើរឿងខុសច្បាប់ និងអនុវត្តន៍សិទ្ធិសេរីភាពហួសព្រំដែននោះឡើយ។

លោកបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការធ្វើបាតុកម្ម ពុំមានអ្វីចំណេញនោះឡើយ មានតែបំផ្លាញដល់មុខមាត់ប្រជាជាតិខ្មែរយើងទាំងមូល ហើយការចង់ធ្វើបាតុកម្មប្រឆាំងគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ មិនត្រូវបានលើកទឹកចិត្តឱ្យធ្វើជាដាច់ខាត។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នៅតែផ្តល់ការយកចិត្តទុកដាក់ជានិច្ចចំពោះខ្មែរនៅក្នុងប្រទេសទាំង១៧លាននាក់ រួមទាំងខ្មែរនៅក្រៅប្រទេសទាំងអស់ប្រមាណ១លាននាក់ផងដែរ ព្រោះពួកគេសុទ្ធតែមានឈាមជ័រជាខ្មែរ បើទោះបីជាមាននិន្នាការមិនដូចគ្នាក៏ដោយ។

នាយករដ្ឋមន្ត្រីទី៣៣ របស់កម្ពុជាលោកកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនមិនត្រូវការពេលរៀបចំគោលនយោបាយនោះទេ ព្រោះគោលនយោបាយទាំងនោះត្រូវបានរៀបចំតាក់តែងរួចហើយមុននឹងបង្កើតរដ្ឋាភិបាល។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា បន្ទាប់ពីបង្កើតរដ្ឋាភិបាលភ្លាមគោលនយោបាយរបស់គណបក្សប្រជាជនដែលបានតាក់តែងរួចហើយបានដាក់ចេញជាបន្ទាន់ ដោយថាខុសពីប្រទេសមួយចំនួនដែលរដ្ឋាភិបាលថ្មីត្រូវការពេលរហូតទៅដល់ ៣ខែដើម្បីរៀបចំគោលនយោបាយ។

លោកបណ្ឌិតបន្ថែមថា , ក្រោយពេលដែលបង្កើតរដ្ឋាភិបាលភ្លាម គឺលោកមានឱកាសក្នុងការបញ្ជ្រាបនៅគោលនយោបាយទាំងនេះទៅកាន់ប្រជាពលរដ្ឋភ្លាមដែរ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលអណត្តិថ្មី ដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយ បញ្ចកោណដែលផ្ដោតទៅលើទឹក ផ្លូវ ភ្លើង មនុស្ស និងបច្ចេកវិទ្យា៕

ដោយ ៖ សិលា 


ចែករំលែក៖