ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៦-០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា តបតាម ការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោង នឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ ៖
– ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី
– ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
– ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
– ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញដាក់ កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ»៕
ដោយ៖ សហការី