ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទឹកជំនន់នៅប្រេស៊ីលស្លាប់កើនឡើងដល់៣៦នាក់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅឯភាគខាងត្បូងប្រទេសប្រេស៉ីល បានកើនឡើងដល់ ៣៦នាក់ ខណៈដែលព្យុះស៊ីក្លូនត្រូពិកវាយលុកនិងគ្របដណ្តប់លើតំបន់នេះ ធ្វើឱ្យជន់លិចផ្ទះសម្បែង និងទឹកទន្លេជន់ឡើង។
រូបភាពដែលទទួលបានដោយ Reuters បង្ហាញឱ្យឃើញទឹកជន់លិចផ្លូវនិងផ្ទះនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Rio Grande do Sul ខណៈទឹកទន្លេក៏បានជន់ឡើងផងដែរ។ តាមការព្យាករអាចមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ មុនពេលបាត់បង់ឥទ្ធិពលទៅវិញនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយរដ្ឋនៅតែប្រកាសអាសន្នសម្រាប់ទឹកជំនន់។
លោកប្រធានាធិបតី លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា បានចេញបញ្ជាឱ្យអភិបាលរដ្ឋ Rio Grande do Sul ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលសហព័ន្ធ ព្រមទាំងបញ្ជូនរដ្ឋមន្ត្រី ២នាក់ទៅត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ។
ទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ដែលមានពលរដ្ឋជាង ១១លាននាក់ គឺជាគ្រោះមហន្តរាយធម្មជាតិថ្មីមួយទៀតនៅប្រេស៉ីល បន្ទាប់ពីមនុស្សច្រើនជាង៥០នាក់បានស្លាប់ក្នុងរដ្ឋធានីសៅប៉ូឡូ (Sao Paulo) នៅក្នុងឆ្នាំ ២០២៣ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កឱ្យបាក់ដីនិងទឹកជំនន់៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖