ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីលទ្ធផលស្មើ១ទល់១ អង់គ្លេសបង្ហាញភាពកក់ក្តៅគាំទ្រដល់កីឡាករអ៊ុយក្រែន

ចែករំលែក៖

ការឈ្នះរបស់អង់គ្លេសក្នុងយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេបានត្រូវបញ្ឈប់ហើយក្នុងការប្រកួតជម្រុះ៥ប្រកួតកន្លងមក ដោយបន្តឈរលេខ១ក្នុងពូលC ខណៈដែលក្រុមនេះត្រូវបានបញ្ចប់ដោយលទ្ធផលស្មើ១ទល់១ជាមួយក្រុមអ៊ុយក្រែនក្នុងទីក្រុង Wroclaw ប្រទេសប៉ូឡូញដែលជាការប្រកួតក្នុងទឹកដីកណ្តាល។អ៊ុយក្រែនត្រូវបានគាំទ្រដោយអ្នកគាំទ្រចំនួន៤០,០០០នាក់នៅក្នុងកីឡដ្ឋាន Tarczynski Arena ដែលផ្តល់ឱ្យការប្រកួតនូវអារម្មណ៍ដ៏ក្លៀវក្លានៃការប្រកួតក្នុងផ្ទះ ទោះបីជាក្រុមម្ចាស់ផ្ទះមួយនេះមិនអាចលេងនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ ដោយសារសង្គ្រាមជាមួយរុស្ស៊ីឈ្លានពាន ទើបមកប្រកួតក្នុងប្រទេសប៉ូឡូញ

ការ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ក្នុង​ប្រទេស​ប៉ូឡូញ​បាន​ក្លាយ​ទៅ​ជា​សំឡេង​ទ្រហឹងអើងកង​នៅ​ពេល​ដែល​កីឡាករ Oleksandr Zinchenko កំពុងលេងឲ្យក្រុម Arsenal បានរកគ្រាប់បាល់​នាំ​មុខ​ឲ្យក្រុមអ៊ុយក្រែន​នៅ​នាទី​ទី២៦ដោយ​ការបញ្ជូន​បាល់​ពី Yukhym Konoplya

ក្រុមអង់គ្លេសបានតាមស្មើវិញនៅនាទីទី៤១ដោយបង្កើតឱកាសដោយប្រធានក្រុម Harry Kane ដើម្បីផ្តល់ឲ្យ Kyle Walker ស៊ុតបញ្ចូលទីដែលគ្រាប់ដំបូងក្នុងជំនួបជាអន្តរជាតិរបស់គាត់ក្នុងការបង្ហាញខ្លួនលើកទី៧៧។ ក្រុមរបស់លោក Gareth Southgate បានបន្តមានប្រៀបជាងក្នុងតង់ទី ដោយមានឱកាសស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Bukayo Saka ប៉ុន្តែត្រូវអ្នកចាំទីអ៊ុយក្រែន Georgiy Bushchan បិទមិនឲ្យចូលទីបាន។

ការប្រកួតនេះគឺជាឱកាសដ៏ពិសេសមួយនៅក្នុងទីក្រុង Wroclaw ខណៈដែលប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ដែលនៅឆ្ងាយពីប្រទេសកំណើតរបស់ខ្លួនដែលហែកហួរដោយសង្រ្គាមបានបង្ហាញនូវការគាំទ្រ និងការឯកភាពគ្នាដ៏អស្ចារ្យសម្រាប់ក្រុមបាល់ទាត់របស់ពួកគេ។ កីឡដ្ឋាននេះពោរពេញទៅដោយអ្នកគាំទ្រជនជាតិអ៊ុយក្រែនដែលរស់នៅក្នុងប្រទេសប៉ូឡូញ ទាំងអស់បានផ្ទុះឡើងយ៉ាងរំជើបរំជួលមុនពេលចាប់ផ្តើមការប្រកួតដោយការសាទរ និងការលើកទឹកចិត្តដល់កីឡាកររបស់ខ្លួន

ជាមួយគ្នានេះក្រុមអង់គ្លេសក៏សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅទាំងកីឡាករ និងអ្នកគាំទ្រដែលបង្ហាញពីក្តីស្រលាញ់ទៅវិញទៅមកទៅលើប្រជាជនអ៊ុយក្រែនដែលកំពុងមានសង្គ្រាមក្នុងប្រទេស មានភ្លើង​ពិល​បំភ្លឺ​ពេញកីឡដ្ឋាន​ ខណៈ​អ្នកគាំទ្រអ៊ុយក្រែនបានអបអរ​រួបរួម​គ្នា​ជាមួយ​កីឡាករពេលចប់ការប្រកួត

ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិអ៊ុយក្រែននឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអ៊ីតាលីនៅថ្ងៃទី១៣ ខែកញ្ញាខាងមុខ ខណៈអង់គ្លេសត្រូវប្រកួតមិត្តភាពជាមួយស្កុតឡេននៅថ្ងៃទី១៣ កញ្ញាដែរ មុនពេលប៉ះអ៊ីតាលីនៅថ្ងៃទី១៨ ខែតុលាក្នុងការប្រកួតជម្រុះយូរ៉ូ២០២៤ ជាមួយអ៊ីតាលីបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖