ភ្នំពេញ៖ រឿងថ្មីទៀតហើយ! ខណៈបុគ្គលម្នាក់ដែលគេស្គាល់ថាជាលោកបណ្ឌិតគ្រូជោគជ័យ គឺលោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន” រិចមី(Riich me)” កំពុងរងការចោទប្រកាន់ជុំវិញករណីឆបោកប្រាក់ប្រជាពលរដ្ឋដែលជាម្ចាស់ដេប៉ូលក់គ្រឿងភេសជ្ជៈប្រមាណជាង ៣០នាក់ បានធ្វើការបញ្ជាទិញភេសជ្ជៈតាមរយៈក្រុមហ៊ុន”រិចមី” តាមរយៈទូរស័ព្ទដៃ ដោយប្រើអេប (app) ដែលមានឈ្មោះថា រិច,(Riich)។
បើតាមការអះអាងពីលោកស្រី ស៉ិន សុធាវណ្ណ រស់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំណាងប្រជាពលរដ្ឋរងគ្រោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា៖ បុគ្គលម្នាក់លោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន”រិចមី”( Riich me) បានធ្វើការឆបោកប្រាក់របស់គាត់ រួមនិងប្រជាពលរដ្ឋផ្សេងទៀប្រមាណជាង៣០នាក់ បាននាំគ្នាប្ដឹងទៅតុលាការ ដេីម្បីឱ្យរកយុត្តិធម៌ជូនពួកគាត់ទាំងអស់គ្នា ក្រោយម្នាក់ៗចាញ់បោកប្រាក់រាប់ម៉ឺនដុល្លារ សរុបទឹកប្រាក់ជាង ១លានដុល្លារ ដើម្បីឲ្យពួកគាត់បានលុយយកទៅសងធនាគារវិញ។
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះ បាននាំគ្នាដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងទៅលើបុគ្គលម្នាក់លោក ឡេង វណ្ណា ដែលជាអគ្គនាយកក្រុមហ៊ុនរិចមី មានអាសយដ្ឋាននៅបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ។
សេចក្តីរាយការណ៍ដដែលបានបន្តថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ពួកគាត់ជាម្ចាស់ដេប៉ូបោះដុំភេសជ្ជៈ និងមានដេប៉ូរៀងៗខ្លួន បានធ្វើការបញ្ជាទិញភេសជ្ជៈតាមរយៈក្រុមហ៊ុនរិចមី ដោយក្រុមហ៊ុននេះមានបោះដុំភេសជ្ជៈគ្រប់ប្រភេទ ដោយអតិថិជនអាចធ្វើការបញ្ជាទិញតាមរយៈទូរស័ព្ទដៃ ដោយប្រើ អេប (app) ដែលមានឈ្មោះថា រិច,(Riich) នៅក្នុងកម្មវិធីនេះមានទំនិញ និងភេសជ្ជៈជាច្រើនមុខដាក់បង្ហាញដើម្បីឲ្យអតិថិជនធ្វើការបញ្ជាទិញតាមតម្រូវការ ។
ចំពោះការបញ្ជាទិញត្រូវបានបង់ប្រាក់ជាមុនតាមរយៈធនាគារ ABA ទៅកាន់ក្រុមហ៊ុន រួចក្រុមហ៊ុននឹងចេញវិក័យបត្រឱ្យមានម្ចាស់ដេប៉ូខ្លះ បានប្រាប់ឱ្យដឹងថា ពួកគាត់ធ្លាប់ធ្វើការបញ្ចារទិញបានម្តងរួចមកហើយ ដោយឡែកពួកបានបន្តការបញ្ជាទិញម្តងទៀត និងលើកចុងក្រោយក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុននៅតែមិនមានភេសជ្ជៈជូនទៅកាន់អតិថិជន ហើយថែមទាំងមិនព្រមសងប្រាក់ត្រលប់ទៅកាន់អតិថិជនទាំងអស់នោះទេ។
គួរជម្រាបដែរថា ខាងក្រុមហ៊ុន ក៏ធ្លាប់បានធ្វើលិខិតជូនដំណឹងទៅកាន់អតិថិជនក្នុងការពន្យារពេលនៃការសងប្រាក់ត្រឡប់ទៅវិញចំនួន ២ដងមកហើយ និងចុងក្រោយ សូមពន្យាពេលនៅចុងខែឧសភាឆ្នាំ២០២៣កន្លងទៅនេះ ប៉ុន្ដែរហូតមកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ មិនទាន់ឃេីញមានដោះស្រាយនៅឡេីយនោះទេ។
មិនតែប៉ុណ្ណោះ លោក ឡេង វណ្ណា ដែលជាម្ចាស់ក្រុមហ៊ុនរិច មី (Riich me) និងក្រុមហ៊ុន (Go digital & Epos ) បានធ្វេីយុទ្ធសាស្ត្រទីផ្សារម៉ាកគីធីង អនឡាញ (Marketing online ) ក៏ធ្លាប់បានលើកឡើងប្រាប់ប្រជាពលរដ្ឋឱ្យដឹងថា សូមឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ បើប្រជាពលរដ្ឋណាហ៊ានប្ដឹងគាត់នឹងចេញលុយថ្លៃសេវាមេធាវីឱ្យទៀត។ ហើយគាត់ចង់ប្រាប់ថា គាត់គឺជាអ្នកច្បាប់មួយរូប ដែលទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់ ហើយក៏កុំឱ្យបងប្អូនលើកយកផ្លូវច្បាប់មកនិយាយជាមួយគាត់ដូចជាគ្មានបានអ្វីទេ ខាតទាំងពេលវេលា ខាតទាំងប្រយោជន៍ អាចនឹងមិនបានលុយត្រឡប់ទៅវិញ គួរដឹងច្បាស់ហើយថាប្រព័ន្ធតុលាការ ស្រុកខ្មែររបៀបមិចហើយ ខាតតែពេលវេលាទេ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរងគ្រោះជាច្រើននាក់ ក៏ស្នើសុំឱ្យសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនិងកាន់ដំណែងថ្មី មេត្តាជួយអន្តរាគមន៍រឿងពួកគាត់ផងដើម្បីទទួលបានយុត្តិធម៌ កុំឱ្យបុគ្គល ឡេង វណ្ណា នេះមើលងាយប្រព័ន្ធច្បាប់នៅក្នុងប្រទេសកម្ពុជា ។
ជុំវិញករណីខាងលេីនេះ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានព្យាយាមធ្វើការទំនាក់ទំនងទៅកាន់លោកឡេង វណ្ណា ដើម្បីសុំការបំភ្លឺផងដែរ ប៉ុន្តែគ្មានលេខទូរស័ព្ទនោះទេ។ ប៉ុន្តែប្រសិនបើលោកឡេង វណ្ណា ចង់បកស្រាយបំភ្លឺចំពោះករណីនេះ អង្គភាពយេីងរង់ចាំការបំភ្លឺគ្រប់ពេលវេលា៕
ដោយ៖ សហការី