សារព័ត៌មាន AFPបានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ១៧ ខែកញ្ញានេះបានរាយការណ៍ពីការបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ុយក្រែននៅឯជាយទីក្រុងមូស្គូ និង៦គ្រឿងផ្សេងទៀតនៅតំបន់គ្រីមៀ។
នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នៅម៉ោង១ៈ៤៥នាទីរំលងអធ្រាត្រ យន្ដហោះដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅស្រុកអ៉ីស្រ្ទីនស្គី (Istrinsky) នៃទីក្រុងមូស្គូ»។ ចំណែកចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) ក៏បានឱ្យដឹងក្នុងការបង្ហោះដាច់ដោយឡែកមួយលើ Telegram ដែរថា បើតាមព័ត៌មានបឋម មិនមានការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេនៅឯទីតាំងដែលបំណែកយន្ដហោះដ្រូនធ្លាក់»។
បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែន ក៏ត្រូវបានកម្ទេចផងដែរ នៅឯឆ្នេរភាគខាងលិចនៃតំបន់គ្រីមៀ នៅវេលាម៉ោង១ៈ១៥នាទីរំលងអធ្រាត្រ ខណៈដែល៤គ្រឿងផ្សេងទៀតត្រូវបានចាប់សញ្ញានិងកម្ទេចនៅចន្លោះពីម៉ោង១ៈ៤៥នាទី និងម៉ោង ២៖២០នាទី រំលងអធ្រាត្រ។
ចាប់តាំងពីអ៊ុយក្រែនបើកប្រតិបត្តិការវាយបករបស់ខ្លួនកាលពីដើមខែមិថុនាមក ទីក្រុងមូស្គូ តំបន់គ្រីមៀ និងទឹកដីរុស្ស៉ីមួយចំនួននៅក្បែរព្រំដែនជាមួយអ៊ុយក្រែនបានរងការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ ដោយមានពេលខ្លះការវាយប្រហារទាំងនេះបានបង្កការខូចខាតដល់អគារជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុងមូស្គូតែម្ដង៕ ដោយ៖ ធីរីណា
រូបថត៖ AP