ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានកូនច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ខណៈពិភពលោកកំពុងមានកង្វះខាតយុវជនជំនាន់ក្រោយ ហើយមានកំណើនមនុស្សវ័យចាស់ និងជំរុញឱ្យមានការសិក្សាគោលនយោបាយជំរុញរក្សាកំណើនប្រជាសាស្ត្រ បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ថាកម្ពុជានឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។
សម្ដេចធិបតី គូសបញ្ជាក់ថា៖ «ឥឡូវយើងព្យាករណ៍ទុកហើយ។ […] ២៥ ឆ្នាំឬ ៣០ឆ្នាំក្រោយយើងថយកម្លាំងពលកម្ម»។
សម្តេចធិបតី ថ្លែងថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ។
សម្តេចធិបតី ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទីកន្លែងឱ្យបានកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី ថ្លែងថា ក្រោយប្រទេសមានសុខសន្ដិភាព ព្រលឹងដូនតា និងរូបចម្លាក់បុរាណខ្មែរ ដែលត្រូវបាត់បង់ក្នុងពេលសង្គ្រាមជាច្រើន ត្រូវបានបញ្ជូននមកកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។
សម្តេចធិបតី ថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព។
សម្តេចធិបតី ថ្លែងថា គណបក្សប្រជាជនកម្ពុជាមិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះឬបែបនោះ សម្រាប់ប្រជាជននោះទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។
សម្តេចធិបតី ប្រកាសណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ក្នុងនោះមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរ។
សម្តេចធិបតី ប្រកាសណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្តរបស់ខ្លួន (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។
សម្តេចធិបតី ថ្លែងថា កម្ពុជា បន្តអនុវត្តនយោបាយ និងប្រកាន់ជំហរចិនមួយសម្រាប់ក្របខ័ណ្ឌទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន គឺមិនខុសនោះទេ។ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសកាន់តែច្រើនកាន់តែល្អសម្រាប់កម្ពុជា។
សម្ដេចធិបតី ថ្លែងបង្ហាញពីមោទនភាពចំពោះសម្បត្តិវប្បធម៌របស់កម្ពុជា និងប្រជាជន ដោយថាគួរផ្សព្វផ្សាយនៅសម្បត្តិវប្បធម៌អរិយធម៌ទាំងនេះទៅកាន់បរទេស។ សម្ដេចធិបតី លើកឡើងថា មិនគួរនាំយកវប្បធម៌បរទេស ឬចម្លងវប្បធម៌ពីបរទេសមកដាក់នៅក្នុងប្រទេសកម្ពុជានោះទេ តែអ្វីដែលសំខាន់នោះគឺត្រូវជំរុញនូវវប្បធម៌របស់យើងទៅកាន់បរទេសវិញ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា វប្បធម៌របស់កម្ពុជាបានទទួលបានការចាប់អារម្មណ៍ពីបរទេសជាច្រើន។ ការរស់នៅរបស់ពលរដ្ឋខ្មែរ និងសីលធម៌របស់ពលរដ្ឋខ្មែរទទួលបានការចាប់អារម្មណ៍ពីប្រទេសជាមិត្តផងដែរ នៅក្នុងនោះសម្ដេចបានលើកឡើងអំពីប្រធានាធិបតីកូរ៉េ បានកត់សម្គាល់ពីពលករខ្មែរដែលបានធ្វើការនៅទីនោះ។
សម្តេចធិបតី ថ្លែងថា រដ្ឋាភិបាលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទោះបីថ្នាក់ដឹកនាំរូបណាក៏ដោយ ក៏ប្រកាន់ជំហរគិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាសំខាន់ដែរ។
សម្តេចធិបតី បានថ្លែងដាស់តឿនដល់ក្រុមអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយខ្លះ ឱ្យមាន”ស្មារតីជាតិនិយមខ្លះផង” ពោល គឺកុំចេះតែត្រឹមរិះគន់ តែគួរចេះលើកសរសើរខ្លះផង។ ក្នុងន័យនេះ សម្តេចធិបតី មិនមែនចង់សំដៅឱ្យពួកគេមកសរសើរសម្តេចនោះទេ ប៉ុនែ្តគួរចូលរួមសរសើរ និងអបអរសាទរ ដូចយ៉ាង ករណីប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាដើម៕
ដោយ៖ស តារា