ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយទូតជប៉ុន រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»

ចែករំលែក៖

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានសហការជាមួយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា តុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន»។

ក្នុងកិច្ចពិភាក្សាតុមូលនេះ បានធ្វើឡើងស្របពេលដែលកម្ពុជា-ជប៉ុន បានប្រារព្ធខួបលើកទី៧០ (១៩៥៣-២០២៣) នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​ នៅឯសណ្ឋាគារសាន់ & មូន រីវើសាយ (SUN & MOON Riverside Hotel ) ស្ថិតនៅមាត់ទន្លេ កែងស្ពានព្រះមុនីវង្ស មហាវិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

នាឱកាសនោះ​ លោកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានធ្វើជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដោយផ្តើមពីការធ្វើ បទបង្ហាញអំពីគោលនយោបាយ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយ ផ្សេងៗទៀតដល់កម្ពុជា។

កិច្ចពិភាក្សានេះ គឺជាឱកាសដែលអ្នកសារព័ត៌មានអាច លើកជាសំណួរពាក់ពន្ធ័នឹងទំនាក់ទំនង កម្ពុជា-ជប៉ុន ទាក់ទងនឹងជំនួយ ឬក៏សំណួរផ្សេងៗទៀតសម្រាប់យក ទៅផ្សព្វផ្សាយជាព័ត៌មាន។ 

គួរជម្រាបជូនថា​ កិច្ចពិភាក្សាតុមូលស្តីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នេះ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់ដឹងបន្ថែមទៀត អំពីតួនាទីរបស់ប្រទេសជប៉ុន សម្រាប់ការ អភិវឌ្ឍនៅកម្ពុជា ដោយផ្តើមចេញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕

ដោយ៖ ភារ៉ា​ដង្កោ​


ចែករំលែក៖