ព័ត៌មានទាន់ហេតុការណ៍៖

កសិករក្នុងឃុំចំណោមស្រុកមង្គលបូរីសប្បាយចិត្តដោយឆ្នាំនេះស្រូវលក់បានតម្លៃខ្ពស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កសិករ ក្នុងឃុំចំណោម ស្រុកមង្គលបូរីសប្បាយចិត្តដោយឆ្នាំនេះស្រូវលក់បានតម្លៃខ្ពស់ បើទោះបីជាឆ្នាំនេះទទួលបានទិន្នផល មិនដូចឆ្នាំកន្លងទៅក៏ដោយ ប្រជាកសិករនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី បានបង្ហាញពីក្តីរីករាយចំពោះស្រូវនៅឆ្នាំនេះ ទទួលបានតម្លៃល្អប្រសើរ ជាបណ្តាឆ្នាំមុនៗ ចំពោះតម្លៃទទួលយកបាន ថ្លៃលើសការរំពឹងទុក ។ 

អ៊ុំប្រុសម្នាក់ជាប្រជាកសិករដែលរស់នៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងថា៖ ឆ្នាំនេះគាត់ធ្វើស្រែចំនួន៧ហិកតា ប្រភេទស្រូវសែនក្រអូប ដោយឆ្នាំនេះទទួលបានទិន្នផលក្នុងហិកតាប្រហែល៣,៥តោនប៉ុណ្ណោះ ដោយសារកាលពីដើមដៃខ្វះខាតទឹក។ ការប្រមូលផលនេះគឺជាលើកទី៣ហើយ កាលពីលើកទី១ លក់ក្នុងមួយតោនបាន ១ម៉ឺន៦០បាត(ប្រាក់ថៃ) ហើយលើកទី២នេះលក់បានក្នុងមួយតោន១ម៉ឺនបាត(ប្រាក់ថៃ) និងលើកទី៣នេះ បានមួយតោន ១ម៉ឺន១០០បាត(ប្រាក់ថៃ) ។

ដោយឡែកកសិករមួយរូបទៀតប្អូនស្រី ចាន់ គឿន បានក៏បានប្រាប់ស្រដៀងគ្នានោះ ប្អូនស្រីសប្បាយរីករាយ ដោយសារងតែតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ ជាងឆ្នាំមុនបើទោះទិន្នផលស្រូវទាបជាងឆ្នាំមុនក៏ដោយ ។

ជាមួយគ្នានោះដែរ លោក លី វណ្ណា ដែលជាឈ្មួញទិញស្រូវនៅក្នុងឃុំចំណោម បានប្រាប់ឱ្យដឹងដែលថា៖ ការប្រមូលទិញស្រូវប្រភេទសែនក្រអូបចាប់ពីតម្លៃ១០បាតទៅ១០,២បាត(ក្នុងមួយគីឡូក្រាម) ក្រៅពីនេះលោកក៏បានប្រមូលទិញប្រភេទស្រូវស្រងែ តម្លៃចន្លោះពី៩,៧បាត/មួយគីឡូក្រាម (ស្មើនឹង៩៧០០បាត/មួយតោន) ទៅ៩,៨បាត/មួយគីឡូក្រាម(ស្មើរនឹង៩៨០០បាត/មួយតោន) និងប្រភេទស្រូវ៥១-៥៤ ទិញក្នុងតម្លៃ៩,៧បាត(ស្មើរនឹង៩៧០០បាត/មួយតោន)។ 

បើតាមការបញ្ជាក់ពីលោក ឃុន ឃួន អាជ្ញាធរភូមិ បានប្រាប់ឱ្យដឹងថា៖ កសិករដែលបានធ្វើស្រែប្រាំងនៅភូមិចំណោមខាងកើត ឃុំចំណោម មានចំនួន៩៧៥ហិកតា ដោយឡែកទូទាំងឃុំចំណោមការងារប្រមូលផលស្រូវរបស់បងប្អូនកសិករប្រមាណជាង៦០ទៅ៦៥%ហើយ ភាគច្រើនកសិករនៅក្នុងឃុំចំណោយ និយមប្រើប្រាស់ពូជ៥៤ និងសែនក្រអូប ហើយទិន្នផលឆ្នាំនេះចន្លោះពី៣,៥ ទៅ៤តោនក្នុងមួយហិកតា ។

ជាមួយនោះដែរ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថាៈសម្រាប់ឆ្នាំនេះសង្កេតឃើញថា តម្លៃស្រូវមានភាពល្អប្រើល្អ មានតម្លៃខ្ពស់ជាងឆ្នាំមុន។ ហើយលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា មានបងប្អូនមួយចំនួនដែលលក់មិនបានតម្លៃខ្ពស់ដោយសារតែស្រូវរបស់ពួកគាត់មិនសូវល្អ ពោលគឺពួកគាត់ប្រមូលផលស្រូវ ទាំងដែលស្រូវមិនសូវទុំល្អ ដែលជាហេតុធ្វើឱ្យឈ្មួញទិញក្នុងតម្លៃទាប។ តែចំពោះប្រភេទស្រូវល្អគឺទទួលបានតម្លៃខ្ពស់៕

ដោយ៖ វណ្ណា


ចែករំលែក៖