ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២​ ខែតុលា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសមជាមួយ  លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅ​ក្នុង​ជំនួប​នេះ  លោករដ្ឋមន្ដ្រី​បាន​លើក​ឡើង​ពីកិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា (MOU)  ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០១៦​មក​។ ទាក់ទង​នឹង MOU នេះ លោក Datuk Eldeen Husaini Mohd Hashim បាន​បង្ហាញ​ពី​បំណង​ជំរុញ​ការ​អនុវត្ត MOU នេះ​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់ ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​។

នៅ​ក្នុង​ពាណិជ្ជកម្ម​កសិកម្ម លោករដ្ឋមន្ដ្រី ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ភាគី​ម៉ាឡេស៊ី ដែល​ចង់​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ជា​ពិសេស​ប្រភេទអង្ករ​ស និង​ប្រភេទអង្ករ​ក្រអូប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍ ក្នុង​ការ​បើក​ផ្លូវ​ដល់​វិនិយោគិន​ម៉ាឡេស៊ី ដែល​មាន​បំណង​ចង់​មក​វិនិយោគ​លើ​ដំណាំស្វាយ ម្នាស់ និង​អំពៅ នៅ​កម្ពុជា​។

ចំពោះ​ការ​វិនិយោគ​នេះទៀត​សោត លោករដ្ឋមន្ដ្រី​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ម៉ាឡេស៊ី បាញ់​ឆ្ពោះ​ទៅ​កាន់​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​នាំ​ចេញ។ ចំណែក​កសិផល​សម្រាប់​នាំ​ចេញ អ្នក​វិនិយោគ​អាច​ពិចារណា​ធ្វើកិច្ច​សន្យា​កសិកម្ម​ជាមួយ​កសិករ​ខ្មែរ ដើម្បី​ឱ្យ​កសិករ​ខ្មែរ​ដាំ​ដុះ​ដំណាំ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​របស់​ប្រទេស​ម៉ាឡេស៊ី៕

ដោយ ៖ សហការី


ចែករំលែក៖