ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញក្នុងមូលដ្ឋានសង្កាត់បឹងព្រលិតបានដំណើរការយ៉ាងរលូនជាប្រភេទបៀ បញ្ជល់មាន់ជាដើម ហើយលោកអភិបាលខណ្ឌអះអាងថាមានវិធានការ !

ចែករំលែក៖

ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងសមត្ថកិច្ចមានការចុះបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ មានដូចជាប្រភេទបៀ បញ្ជល់មាន់ជាដើម និងករណីខ្លះក៏មានបើកលក់កន្ទុយលេខឆ្នោតវៀតណាមតាមច្រកដឿងហែមផងដែរ ។ 

    ដោយឡែកមានទីតាំងមួយកន្លែងបានបើកលេងល្បែងស៊ីសងតាមអនឡាញមានដូចជាល្បែងបញ្ជល់មាន់និងល្បែងបៀបានបើកដំណើរការយ៉ាងរលូន ដែលប្រហែលជាថ្នាក់មូលដ្ឋានសង្កាត់ឬប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយតែទុកជាឆ្នាំងបាយរបស់ខ្លួន?

    ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងអនឡាញខាងលើនេះត្រូវបានគេស្គាល់ថាស្ថិតនៅផ្ទះលេខ១១ ផ្លូវលេខ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

    ពាក់ព័ន្ធទៅនឹងទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញខាងលើនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានទំនាក់ទំនងទៅកាន់មេប៉ុស្តិ៍នគរបាលបឹងព្រលិត លោកបានបញ្ជាក់ថា ខ្ញុំដឹងតែទីតាំងខាងលើគេបញ្ជាក់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវ តើឱ្យខ្ញុំធ្វើយ៉ាងដូចម្ដេច? ចំពោះលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ 7 មករា យើងមិនអាចសុំបំភ្លឺបានទេដោយទូរស័ព្ទជាប់រវល់។

    ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ 7 មករា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ខ្ញុំសូមអរគុណចំពោះការផ្ដល់ព័ត៌មានទីតាំងដ៏ជាក់លាក់ ទាំងលេខផ្ទះ ផ្លូវ សង្កាត់ , ដូច្នេះខ្ញុំត្រូវមានវិធានការ លុបបំបាត់ ពីព្រោះទាំងនេះជាអំពើខុសច្បាប់ ។ ម្យ៉ាងទៀតយើងក៏អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពផងដែរ។ ខ្ញុំត្រូវឱ្យមន្ត្រីមូលដ្ឋាននិងសមត្ថកិច្ចធ្វើកិច្ចការរឿងនេះជាបន្ទាន់។ 

    ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ពីព្រោះថាបនល្បែងស៊ីសងជាប្រភពបង្កើតឱ្យមានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ដែលធ្វើឱ្យមូលដ្ឋានបាត់បង់ភាពសុខសាន្ត ។ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ភូមិ សង្កាត់ ប៉ុស្តិ៍ អធិការដ្ឋាននគរបាលខណ្ឌ 7 មករា ជាពិសេសអភិបាលនៃគណៈអភិបាលខណ្ឌ 7 មករា ដែលជាគណៈបញ្ជាការឯកភាពខណ្ឌជួយលុបបំបាត់បនល្បែងទាំងនេះដើម្បីឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋក៏ដូចជាការរឹតបន្តឹងរបស់អភិបាលរាជធានីភ្នំពេញ ៕

ដោយ ៖ ស សម


ចែករំលែក៖