សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។
ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបង្កើនការគាំទ្រទ្វេដងទៅដល់អ៉ីស្រាអែល នៅក្នុងឆ្លើយតបទៅនឹងការវាយប្រហារ របស់ក្រុមហាម៉ាស និងសន្យាផងដែរពីការបង្កើនការផ្ដល់អាវុធបន្ថែម បន្ទាប់ពីបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំងបន្ថែមទៅកាន់ សមុទ្រមេឌីទែររ៉ាណេខាងកើត ក្បែរអ៉ីស្រាអែល។
នៅក្នុងប្រទេសអ៉ីរ៉ាក់ ចលនាប្រដាប់អាវុធ កាតាអ៉ីប ហេសប៊ូលឡា (Kataib Hezbollah) មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់ បាននិយាយថានឹងបើកការវាយប្រហារលើ មូលដ្ឋានទ័ពអាមេរិកដោយប្រើមីស៊ីល យន្ដហោះដ្រូន និងកងកម្លាំងពិសេសរបស់ខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ សហរដ្ឋអាមេរិក បច្ចុប្បន្ន មានកងទ័ព ២,៥០០នាក់ឈរជើងនៅអ៉ីរ៉ាក់ និងមានកងទ័ព៩០០នាក់ ឈរជើងនៅក្នុងប្រទេសស៊ីរី។ ដោយឡែក នៅយេម៉ែន ឯនោះវិញ ចលនាប្រដាប់អាវុធហ៊ូទី ក៏បានព្រមានដែរថាពួកគេនឹងធ្វើការឆ្លើយតបទៅនឹងការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់ហ្កាហ្សា ដោយប្រើប្រាស់ យន្ដហោះដ្រូន មីស៊ីល និងជម្រើសយោធាជាច្រើនទៀត។
អ៉ីស្រាអែល ត្រូវបានគេរាយការណ៍ថាបានកែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ និងបានសន្យាថា នឹងបង្កើនការវាយប្រហារសងសឹករបស់ខ្លួន ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន ជាមួយការត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើសង្រ្គាមជើងគោកនៅក្នុងតំបន់ហ្កាហ្សា៕
ដោយ៖ ធីរីណា(រូបថត៖ south front)