ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរភ្នំពេញ ណែនាំឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែផុសផុលបន្ថែម ដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំស្តីពីសុវត្ថិភាពចរាចរ ណ៍ឱ្យកាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបង្កើនការប្រុងប្រយត្ន័ និងផ្តល់សុខសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅកាន់ស្រុកកំណើត ។ 

      លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី នៅថ្ងៃទី១១ ខែតុលា ២០២៣ ។

       លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ថា៖ គ្រប់កងកម្លាំងត្រូវបង្កើនសមត្ថិភាព រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល អំឡុងពេល និងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ឱ្យមានការអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ដែល នេះ គឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បីធានាសុវត្ថិភាពដល់ អ្នកបើកបរនៅតាមដងផ្លូវ។         

       លោកអភិបាលរងបានណែនាំដល់កងកម្លំាងសមត្ថកិច្ចត្រូវ ពង្រាយកម្លំាង នៅតាមតំបន់ច្រកចេញចូលសំខាន់ៗនៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជា ពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ថែមពីនេះទៀត ត្រូវដាក់ពង្រាយកម្លំាងចុះទៅអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅពីថ្ងៃទី១២ ខែតុលា តទៅហើយ ដើម្បីទៅតាមបណ្ដាស្រុក កំណើតរបស់ពួកគាត់ ពីព្រោះពួកគាត់បានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

         លោកបានបន្តថា ចំពោះការចូលអប់រំទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំកុំឱ្យពួកគាត់ដឹកលើសចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសបានទៅលេងស្រុកកំណើតដោយទឹកមុខសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាងនេះទៅទៀត ក្នុងពេលនេះកងកម្លាំង ត្រូវបង្កើនការអប់រំផ្សព្វផ្សាយឱ្យបានច្រើន ជាងការផាកពិន័យ ដើម្បីបង្កើនការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យកាន់ច្បាស់លាស់ ។ 

     លោកអភិបាលរងបានស្នើសុំឱ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ ដើម្បីធ្វើយ៉ាងណាបង្កើនការអប់រំផ្សព្វផ្សាយ ពីព្រោះឥឡូវវិធានការរបស់យើងគឺការរឹតបន្តឹង ច្រើនជាការអប់រំផ្សព្វផ្សាយ ដូច្នេះចំណុចនេះក៏សូមសំណូមពរដែរថា សូមបង្កើនវិធានការអប់រំផងដែរ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះប្រជាពលរដ្ឋគឺគាត់ចង់ដឹងអំពីច្បាប់ គាត់ធ្វើខុសគឺយើងបង្កើនការអប់រំមិនបានច្រើន យើងផាកពិន័យក្នុងករណីគាត់រឹងរូស ចចេះ ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណីទូទៅយើងគួរតែផ្ដល់នូវការអប់រំឱ្យបានច្រើនជាងការផាកពិន័យ នេះជាសំណូមទី១ពាក់ព័ន្ធនៅឱកាសបុណ្យភ្ជុំបិណ្ឌ  ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ ក្នុងខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ។ 

       តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

     សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរបានចេញទៅលេង ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំក្រុមគ្រួសារ ហើយបានយកចង្ហាន់ ឬបាយសម្ល គ្រឿងឧបភោគបរិភោគ ទៅវេប្រគេន ព្រះសង្ឃនៅតាមទីវត្តអារាម និងជូនមាតាបិតា ដើម្បីឧទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណ និងការបំពេញកុសលផលបុណ្យសម្រាប់ខ្លួនឯងទៅអនាគតជាតិ ៕

ដោយ៖ សំរិត


ចែករំលែក៖