ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលចេញ “សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត”

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញ ព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និង ផលិតផលបង្ការឬព្យាបាលជំងឺដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មាន មូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិតផលគ្រឿងសម្អាងដែលបានផ្សាយថាធ្វើឱ្យស្បែកស ក្នុងរយៈពេលខ្លី និងឱសថសម័យ ឱសថបុរាណ ឬផលិតផលបំប៉នសុខភាពមួយចំនួនដែលបានផ្សាយថា អាចព្យាបាលជំងឺបានច្រើនប្រភេទ ដែលផលិតផលទាំងនោះអាចមានបន្ថែមសារធាតុហាមឃាត់ ឬមាន សារធាតុដែលប្រើលើសកម្រិត ឬខុសរូបមន្ត បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។ ពិនិត្យឃើញបញ្ហាប្រឈមទាំងនេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជន ដូចខាងក្រោម ៖

បងប្អូនប្រជាពលរដ្ឋមិនត្រូវជឿលើការឃោសនាមិនសមហេតុផល ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសរាល់ការផ្សព្វផ្សាយគ្រប់រូបភាពដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

សូមបងប្អូនប្រជាពលរដ្ឋកុំទិញផលិតផលឱសថដាក់លក់តាមប្រព័ន្ធអនឡាញដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រោះការលក់ផលិតផលសុខភាពតាមអនឡាញជាការលក់មិនស្របច្បាប់ ហើយផលិតផលទាំងនោះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ចំពោះអាជីវករធ្វើអាជីវកម្មផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿង សម្អាង ឬផលិតផលបង្ការព្យាបាលជំងឺ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុចរិតភាព ដោយ រាល់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលទាំងនេះ ត្រូវមានលេខបញ្ជិកា ឬទិដ្ឋាការ ឬ លេខប្រវេទន៍ (NOTIFICATION) និងរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាពត្រូវ មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមយ៉ាងយកចិត្តទុកដាក់របស់បង ប្អូនអាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាង ឪ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយការទទួលខុសត្រូវ ខ្ពស់។៕

ដោយ ៖ សិលា


ចែករំលែក៖