ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកអ្នកជិះកង់ខាងមុខបណ្តាលអោយរងរបួសធ្ងន់

ចែករំលែក៖

    ខេត្តបាត់ដំបង៖ ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ឈ្មោះ ទីវ យក់ហៀធ អាយុ៥៧ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះកង់មួយគ្រឿងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 1AI-0315 បើកបរដោយឈ្មោះ រ៉ុង ផាន់ណា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្នុងទិសដៅស្របគ្នា ដោយខ្វះការប្រុងប្រយ័ត្ន(រវល់ងាកមើលថង់នំប័ុង)ក៏ជ្រុលចង្កូតទៅបុកកង់ពេញទំហឹងបណ្តាលឱ្យស្ត្រីអ្នកជិះកង់រងរបួសធ្ងន់(សន្លប់ស្តូកស្តឹង)តែម្តង។

   ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិទាក់ទងយករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកភាគីជាកូនតំណាងអោយជនរងគ្រោះបានទំនាក់ទំនងជាមួយភាគីខាងម្ចាស់ម៉ូតូដើម្បីធ្វើការសម្របសម្រួលគ្នាផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖