ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តយ៉ាងលឿនបុកបង្គោលខ្សែភ្លើងថ្មបាក់សង្កត់លើរបងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់រួមដំណើរជាមួយនឹងជនបរទេសដូចគ្នា ប្រុសស្រី៣នាក់ទៀត បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យបាក់មួយដើមសង្កត់លើរបងផ្ទះពលរដ្ឋ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ៥១កែងនឹងផ្លូវព្រះសុរាម្រិត(ផ្លូវលេខ២៦៨) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់រួមដំណើរជាមួយបុរសនារីជនបរទេសដូចគ្នា៣នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេសពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ2C-7777 ដោតបើកបរតាមបណ្តោយផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ៥១ ភ្លើងស្តុបក្បែររបងវត្តលង្កាក៏បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឱ្យបាក់មួយដើមសង្កត់ទៅលើរបងផ្ទះពលរដ្ឋ។ ចំណែករថយន្តវិញរងការខូចខាតមួយកំណាត់មុខទាំងស្រុង តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ ក្រោយមកអ្នកបើកបរនិងអ្នករួមដំណើរមានរថយន្តមួយគ្រឿងទៀតមកដឹកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលសង្កាត់ចតុមុខ បានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖