ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ កម្លាំងសមត្ថកិច្ច បានរកឃើញយានយន្តល្មើសចំនួន ៣៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានគូសបញ្ជាក់ថា ចំនួន គោលដៅសរុប ៨១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៣៦គ្រឿង រថយន្តធំ ២៧គ្រឿង រថយន្តតូច ២៩២គ្រឿង និងម៉ូតូ ៨១៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៦គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ១០១គ្រឿង និងម៉ូតូចំនួន ២៧៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញពីលទ្ធផលរយៈពេល១៧ថ្ងៃ ពីថ្ងៃទី១-១៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៣,០៩៤គ្រឿង រថយន្តធំ២៦៩គ្រឿង រថយន្តតូច ៤,១១១គ្រឿង ម៉ូតូ ១៨,៧១៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៤០១គ្រឿង រថយន្តធំ៥៣គ្រឿង រថយន្តតូច ៨១៦គ្រឿង ម៉ូតូ ៤,៥៣២គ្រឿង (៤,៥៣២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី