ខេត្តបន្ទាយមានជ័យ៖ ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជាកាន់ល្អប្រសើរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន៣រួមមាន៖ ១-យុទ្ធនាការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងផ្សះផ្សារវិវាទ,២-យុទ្ធនាការជម្រុញ និងពន្លឿន ដោះស្រាយសំណុំរឿងនៅតុលាការឱ្យបានឆាប់,៣- យុទ្ធនាការត្រួត និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដើម្បីលើកកម្ពស់ សុច្ចរិតភាព តម្លាភាព គុណភាព និងយុត្តិធម៌ ជាពិសេសជំនឿទុកចិត្តលើការអនុវត្តច្បាប់របស់ប្រព័ន្ធតុលាការ ពីសំណាក់មន្រ្តីអនុវត្តច្បាប់ និងពីសំណាក់តុលាការ។
នេះបើតាមប្រសាសន៍លើកឡើងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែង លោក សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសលោក ងួន ណារ៉ា ដែលត្រូវទៅបំពេញភារកិច្ចថ្មី ជាប្រធានសាលាដំបូង រាជធានីភ្នំពេញ។ ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក កើត រិទ្ធ បន្តថា យុទ្ធនាការទាំង៣ គឺជាទិសដៅដ៏មុតស្រួចដែលក្រសួងត្រូវអនុវត្ត ហើយដើម្បីចូលរួមអនុវត្តធានាបានជោគជ័យ ទី១-ត្រូវមានការយល់ទាំងអស់គ្នា ឯកភាពលើទស្សនៈ និងកិច្ចការងារដែលយើងត្រូវធ្វើ, ២-ត្រូវមានឯកភាពគ្នាផ្ទៃក្នុង ក្នុងចំណោមន្ត្រីអនុវត្តច្បាប់ ដើម្បីបោះជំហានរកភាពជោគជ័យ។ យុទ្ធនាការទាំង៣នេះ គឺជាកិច្ចការកែទម្រង់របស់ប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជាយើង គឺជាកិច្ចការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា “ បើយើងយកយុទ្ធនាការទាំង៣នេះមកមើលយើងនឹងឃើញ សសរស្ដម្ភ សម្រាប់កែទម្រង់វិស័យយុត្តិធម៌ ដោយផ្តោតលើ សសរស្តម្ភធំចំនួន២ ទី១-ដៃម្ខាងការខិតខំដាក់ចេញនូវវិធានការ ដើម្បីកែលម្អប្រព័ន្ធតុលាការឱ្យបានកាន់តែល្អប្រសើរ, ទី២- ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៕
ដោយ៖ វណ្ណា