ព័ត៌មានទាន់ហេតុការណ៍៖

“សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពង្រឹងបន្ថែមនូវការប្ដេជ្ញាចិត្តរបស់ កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្នុងអំឡុងពេល ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៅរដ្ឋធានីប៉េកាំង “

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (31º BRF) សម្រាប់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទនៃ កិច្ចប្រជុំនេះគឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បី ការអភិវឌ្ឍ និងវិបុលភាពរួម»។

១. វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

ប្រមុខរដ្ឋ/រដ្ឋាភិបាល ចំនួន ២៣រូប ប្រទេសជាង ១៤០ និងអង្គការប្រមាណ ៣០ បានចូល រួមក្នុងវេទិកានេះ ដែលត្រូវបានរៀបចំឡើងស្របពេលជាមួយខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)។ គំនិតផ្តួចផ្តើម BRI នេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេស កំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន។

សម្ដេចធិបតី បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន៨ដែលប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នង សុន្ទរកថាគន្លឹះក្នុងពិធីបើកវទិកា រួមមាន៖ ការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់ និងផ្លូវការ គាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ការជំរុញការអភិវឌ្ឍ បៃតង ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និង ការពង្រឹងការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ។

ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្ដេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបាន គូសបញ្ជាក់ពីសារសំខាន់នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការ ផ្តល់កាលានុវត្តន៍ភាពដ៏ពិសេសមួយដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុង គោលបំណងសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សេដ្ឋកិច្ចឌីជីថល សម្តេចធិបតី បាន សង្កត់ធ្ងន់ពីសារសំខាន់នៃគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ព្រមទាំងហេដ្ឋារចនាស ម្ព័ន្ធដែលគាំទ្រដល់នវានុវត្តន៍ ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់អក្ខរកម្មឌីជីថល។ សម្ដេចធិបតី បានអំពាវនាវឱ្យបង្កើនការផ្ដល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសកំពុង អភិវឌ្ឍ រួមមានការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗ ដទៃទៀត តាមរយៈក្របខ័ណ្ឌBRI។

សម្តេចធិបតី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរពីគំរូ សេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ តាមរយៈការដាក់ចេញនូវគោល នយោបាយពាក់ព័ន្ធនឹងឌីជីថលមួយចំនួន។ សម្ដេចធិបតី បានជំរុញឱ្យដៃគូសំខាន់ៗ ទាំងវិស័យ សាធារណៈ និងឯកជន ស្វែងយល់ពីឱកាសដ៏ធំធេងដែលកម្ពុជាអាចផ្តល់ជូន ក្នុងវិស័យសេដ្ឋកិច្ចឌីជី ថល។

ប្រធានវេទិកាបានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីលទ្ធផលប្រកបដោយ ផ្លែផ្កា និងសមិទ្ធផលគន្លឹះៗផងដែរ។

២.ជំនួបទ្វេភាគី

ក្នុងឱកាសចូលរួមវេទិកានេះ សម្តេចធិបតី បានជួបសម្តែងការគួរសម លោកប្រធានាធិបតី ស៊ី ជីនពីង និងជួបពិភាក្សាដាច់ដោយឡែកជាមួយ លោកនាយករដ្ឋមន្ត្រី លី ឈាង និងលោក ឆាយ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការទូទៅនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា- ចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងកម្ពុជា-ចិន និង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលផ្កាប់ លើវិស័យអាទិភាពចំនួន ០៦ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

សម្ដេចធិបតី និងប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសរួមគ្នាកំណត់យកឆ្នាំ២០២៤ ជា ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយភាគីចិនបានសន្យាលើកទឹកចិត្តទេសចរចិនមក ទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍថាមពលបៃតង និងបានស្វាគមន៍ការចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអភិវឌ្ឍវារីអគ្គិសនី បូមទឹកស្តុកទុកតាតែលើ» ដែលនឹងរួមចំណែកដល់សន្តិសុខថាមពល និងការអភិវឌ្ឍថាមពលស្អាត នៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការអភិវឌ្ឍ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម “ និង “ច្រករបៀងមច្ឆានិងអង្ករ” ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងកសិកម្ម ទ្វេភាគី និងធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ តបតាមសំណើរបស់កម្ពុជា ភាគីចិនបានឯកភាព នឹងជំរុញក្រុមហ៊ុនចិនមកវិនិយោគលើវិស័យអាទិភាពដែលផ្ដល់ផលប្រយោជន៍រួម។

ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្រោម ក្របខ័ណ្ឌគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងល្បែងភ្នាល់ឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ឧក្រិដ្ឋ កម្មតាមអ៊ីនធឺណេត និងព័ត៌មានក្លែងក្លាយ។

ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេចំពោះកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ សមស្របតាមលក្ខខណ្ឌជាតិ។ សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះជំនួយ និងការគាំទ្រ ដ៏ ថ្លៃថ្លារបស់ចិន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ សម្តេច ធិបតី ក៏បានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ឥតងាករ៉េរបស់កម្ពុជាចំពោះគោលនយោបាយ ចិនមួយ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការសហការគ្នាយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញ ទៅមកក្នុងវេទិកាតំបន់ និងពហុភាគី។

សម្តេចធិបតី និងនាយករដ្ឋមន្ត្រី លី បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ច សហប្រតិបត្តិការទ្វេភាគីចំនួន ១០ ក្នុងវិស័យនានា រួមមាន ការវិនិយោគ សមត្ថភាពផលិត ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេត បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍ បៃតង។

សម្ដេចធិបតី ក៏បានជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយឯកឧត្តម វ៉ូ វ៉ាន់ធឿង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្ដេចធិបតី និងប្រធានរដ្ឋ ធឿង បានពិភាក្សាគ្នាអំពីវិធីនានា ដើម្បីពង្រឹងចំណងមិត្តភាពដ៏ យូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ និងការអប់រំ។ ថ្នាក់ ដឹកនាំទាំងពីរក៏បានឯកភាពគ្នារក្សាកិច្ចសន្ទនាកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសឡាវ ក្នុងការលើក កម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍរួមលើវិស័យនានា ដូចជាពាណិជ្ជកម្ម ទេសចរណ៍ និង ឧស្សាហកម្ម ជាដើម។

សម្ដេចធិបតី និងប្រធានរដ្ឋ ថងលុន បានពិភាក្សាគ្នាអំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនដូចជា នយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ថាមពល ការតភ្ជាប់ វប្បធម៌ និងការអប់រំ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នានឹង ពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្រ្តយូរអង្វែង និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងឡាវ ដើម្បីជាប្រយោជន៍ទៅវិញទៅមកដល់ប្រទេស និងប្រជាជនទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បាន សង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយភាគីវៀតណាម ជាពិសេសក្នុងការ អភិវឌ្ឍទេសចរណ៍រួមគ្នា (ប្រទេសបី គោលដៅតែមួយ) ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបញ្ជាក់សាជាថ្មីនូវការគាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។

ក្នុងអំឡុងពេលស្នាក់នៅ ក្នុងទីក្រុងប៉េកាំង សម្ដេចធិបតី ក៏បានជួបជាមួយក្រុមហ៊ុនចិនធំៗ មួយចំនួន ដែលកំពុងវិនិយោគលើវិស័យធនាគារ ថាមពល សំណង់ វិស្វកម្ម និងអចលនទ្រព្យ នៅ កម្ពុជា។ សម្ដេចធិបតី បានជំរុញឱ្យក្រុមហ៊ុនចិនទាំងនោះ ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះ បានសម្តែងការនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែល បានគាំទ្រសកម្មភាពធុរកិច្ចរបស់ខ្លួន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖