សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីព (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចចំនួន៤,១៣៧នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីការចាប់ផ្តើមទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល កាលពី២សប្តាហ៍មុន។
ក្រសួងខាងលើបានបន្តថា មនុស្សចំនួន១៣,១៦២នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរនៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី៧ ខែតុលា។ ក្រសួងសុខាភិបាលក្រុមហាម៉ាស់ បានបន្ថែមថា ចាប់តាំងពីផ្ទុះជម្លោះមក បុគ្គលិកពេទ្យចំនួន៤៦នាក់បានបាត់បង់ជីវិត និង៨៥នាក់ទៀតបានរងរបួស ខណៈដែលមន្ទីរព្យាបាល២១កន្លែងលែងអាចធ្វើប្រតិបត្តិការបានតទៅទៀត ព្រោះខ្វះឥន្ធនៈ ដោយសារតែការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែលចំពោះតំបន់ Gaza Strip។
ប្រជាជនប៉ាឡេស្ទីននៅទីនោះ កំពុងនៅបន្តរង់ចាំជំនួយមនុស្សធម៌ដ៏ចាំបាច់ ដែលត្រូវចូលមកកាន់ Gaza ពីប្រទេសអេហ្ស៉ីប តាមច្រកព្រំប្រទល់ Rafah។ សង្រ្គាមបង្ហូរឈាមនៅតំបន់ Gaza Strip បានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស់បានឆ្មក់វាយប្រហារចូលទៅកាន់ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបើតាមអាជ្ញាធរអ៉ីស្រាអែល ពួកគេបានសម្លាប់មនុស្សជាង១,៤០០នាក់ ភាគច្រើនជាជនស៉ីវិល៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)