ខេត្តព្រៃវែង ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជម្រាបជូន លោក-លោកស្រី ស្នងការរង លោកនាយ ការិយាល័យ លោកអធិការ លោកមេបញ្ជាការវរការពារព្រំដែនគោកលេខ៦០៧ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងនគរបាលទូទាំងខេត្តព្រៃវែងជ្រាបថា៖ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹង ចាប់ផ្ដើមដំណើរការនូវកម្មវិធីទូរស័ព្ទស្មាតហ្វូន (Mobile App) មួយដែលមានឈ្មោះថា “ នគរបាល ព.វ.ង (PVP POLICE) ” ជាកម្មវិធីមួយដែលមានសារប្រយោជន៍ជាច្រើនដូចជា៖
-ការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ
-ឯកសារគតិយុត្តិដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខជាតិ និងនគរបាល
-ព័ត៌មានស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រៃវែង និងព័ត៌មានផ្សេងៗជាច្រើនទៀត ការធ្វើទំនាក់ទំនងមកកាន់នគរបាលទូទាំងខេត្ត រួមទាំងការដាក់ពាក្យបណ្តឹងផ្សេងៗទៀតតាមរយៈកម្មវិធីនេះ។
ដូចនេះដើម្បីឲ្យកម្មវិធី នគរបាលព្រៃវែង (PVP POLICE) ដំណើរការបានល្អ និងរួមចំណែកក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រូវការមន្ត្រីដែលមានចំណេះជំនាញ ផ្នែកព័ត៌មានវិទ្យាជាច្រើនរូប ដើម្បីធ្វើលើកិច្ចការងារមួយនេះ ។ ម្យ៉ាងវិញទៀតស្នងការដ្ឋាននគរបាលខេត្ត ក៏មាន បំណងចង់បណ្ដុះបណ្តាលដល់មន្ត្រីនគរបាលដែលចង់ចេះនូវជំនាញព័ត៌មានវិទ្យានេះផងដែរ ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង នគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣. បញ្ជាការវរការពារព្រំដែនគោកលេខ៦០៧ ប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១១៦ និងជ្រើសរើសមន្ត្រីកិច្ចសន្យាដែលមានឆន្ទះពិតប្រាកដ ចង់ចេះជំនាញព័ត៌មានវិទ្យា និងគ្រប់គ្រងលើកម្មវិធី នគរបាលព្រៃវែង (PVP POLICE) សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមជំនួយការ អនុសេនីយ៍ទោ គឹម សុទិដ្ឋាវង្ស លេខទូរស័ព្ទ ០៩៣ ៤៤១៩៥៣ (Telegram) ឲ្យបានមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ៕
ដោយ ៖ សហការី