ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃជាង៣.០០០នាក់ក្នុងប្រទេសអុីស្រាអែលត្រូវបានជម្លៀសទៅប្រទេសវិញ

ចែករំលែក៖

កាលពីថ្ងៃទី២៣ ខែតុលា ក្រសួងការបរទេសថៃបាននិយាយថា ពលករនិងនិស្សិតថៃសរុបចំនួន ៣.៣២៩នាក់នៅអុីស្រាអែល ត្រូវបានធ្វើមាតុភូមិនិវត្តន៍ចំពេលមានជម្លោះដែលកំពុងបន្តរវាងកងកម្លាំងអុីស្រាអែល នឹងកងកម្លាំងហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។
Thai PBS World បានផ្សាយថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី ២២ ខែតុលា មានជើងហោះហើរចំនួន ២ របស់កងទ័ពអាកាសថៃ (RTAF) ដែលដឹកពលរដ្ឋចំនួន ៣៦៧ នាក់ត្រូវបានជម្លៀសចេញពីប្រទេសអុីស្រាអែល។
ថ្ងៃនេះ ប្រទេសថៃនឹងស្វាគមន៍ជើងហោះហើរចំនួន ២ បន្ថែមទៀត ដែលដឹកពលរដ្ឋចំនួន ៥១២ នាក់។ ក្នុងចំណោមនោះ ជើងហោះហើរដំបូងពីទីក្រុងឌូបៃ (UAE) ត្រូវបានគេរំពឹងថានឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនៅម៉ោងប្រហែល៤ រសៀល ដោយមានអ្នកដំណើរចំនួន ២៨០ នាក់។ ជើងហោះហើរទីពីរចេញដំណើរពីទីក្រុង Tel Aviv (អុ៏ស្រាអែល) រំពឹងថានឹងចុះចតនៅម៉ោងប្រហែល ១១យប់ ដោយដឹកអ្នកដំណើរ ២៣៥នាក់។
ប្រទេសថៃក៏នឹងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់ពលរដ្ឋទីពីររបស់ប្រទេសនេះដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងប្រទេសអុីស្រាអែល ដែលរំពឹងថានឹងមកដល់ទីក្រុងបាងកកនៅថ្ងៃទី 25 ខែតុលា។ កាលពីសប្តាហ៍មុន សាកសពពលរដ្ឋថៃ ៨ នាក់ត្រូវបាននាំយកមកវិញពីអុីស្រាអែល។
មកទល់ពេលនេះ ប្រទេសថៃមានពលរដ្ឋសរុបចំនួន ៣១នាក់ស្លាប់ របួស ១៨នាក់ និង ១៩នាក់ជាចំណាប់ខ្មាំង ដោយកងកម្លាំងហាម៉ាស់ក្នុងសង្គ្រាមអុីស្រាអែល និងហាម៉ាស់។ ពលរដ្ឋថៃសរុប ៨,៤២៩នាក់ ដែលរស់នៅនិងធ្វើការក្នុងប្រទេសអុីស្រាអែល បានចុះឈ្មោះធ្វើមាតុភូមិនិវត្តន៍៕ ដោយ៖ ធីរីណា

រូប​ថត​៖ Bangkok Post


ចែករំលែក៖