ព័ត៌មានទាន់ហេតុការណ៍៖

ជំហរដ៏លំបាករបស់ប្រធានាធិបតីបារាំង Emmanuel Macron ពេលទៅដល់អុីស្រាអែល

ចែករំលែក៖

ថ្លែងនៅទីក្រុងហ្សេរុយសាឡឹមនាថ្ងៃទី ២៤ តុលា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញនូវសាមគ្គីភាពជាមួយអុីស្រាអែល ក្នុងបរិបទដែលប្រទេសនេះបន្តទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីបជាការឆ្លើយតបនឹងក្រុមហាម៉ាស។
លោក Macron បានជួបជាមួយសមភាគីអុីស្រាអែល លោក Isaac Herzog បន្ទាប់មកបានជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ។ នេះជាដំណើរទស្សនកិច្ចចុងក្រោយរបស់មេដឹកនាំលោកខាងលិចទៅកាន់ប្រទេសអុីស្រាអែល តាមពីក្រោយមេដឹកនាំអាមេរិក អង់គ្លេស អាល្លឺម៉ង់ អុ៏តាលី និងប្រទេសមួយចំនួនទៀត។
សារព័ត៌មានបារាំងបានដកស្រង់ព័ត៌មានពីវិមាន Elysee ដោយនិយាយថា សាររបស់លោក Macron នៅពេលមកដល់អុ៏ស្រាអែលលើកនេះគឺដើម្បីអំពាវនាវឱ្យមាន “ការការពារជនស៊ីវិល” នៅតំបន់ហ្គាហ្សាស្ទ្រីប និង “ការបន្តដំណើរការសន្តិភាពពិតប្រាកដ” សម្រាប់ការបង្កើតនូវ Gaza Strip ជារដ្ឋប៉ាឡេស្ទីន។
លោក Macron ក៏បានអំពាវនាវឱ្យមាន “បទឈប់បាញ់មនុស្សធម៌” ដើម្បីអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនដែលរស់នៅក្នុងភាពក្រីក្រខ្លាំង។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងបានធ្វើឡើង២សប្តាហ៍បន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារអុ៏ស្រាអែលភ្លាមៗដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០០នាក់។

ក្រុមហាម៉ាស់ក៏បានចាប់មនុស្សរាប់រយនាក់ធ្វើជាចំណាប់ខ្មាំងផងដែរ។ ការវាយប្រហារសងសឹករបស់អុីស្រាអែលរហូតមកដល់ពេលនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥ ពាន់នាក់។
ក្រសួងការបរទេសបារាំងបាននិយាយថា ពលរដ្ឋរបស់ខ្លួនចំនួន 7 នាក់នៅតែបាត់ខ្លួន ហើយមួយចំនួនទៀតស្ថិតនៅក្នុងក្រុមចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖