ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ហ៊ុន ម៉ានី បានដឹកនាំប្រតិភូ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. តំណាងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានដឹកនាំប្រតិភូស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធសពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពី ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:១០ នាទីព្រឹក ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ 

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូ ស.ស.យ.ក ចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមី ឪពុក ជាទីស្រលាញ់ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលធ្លាប់មានស្នាដៃរួមចំណែកយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ 

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី  បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖