សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីស៉ីរីបានរាយការណ៍ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើទីតាំងយោធានៅឯភាគនិរតីនៃប្រទេស នាថ្ងៃពុធនេះបានសម្លាប់ទាហានចំនួន៨នាក់និង៧នាក់ទៀតរងរបួស។
ផ្អែកលើប្រភពពីយោធា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានបញ្ជាក់ថា «ការឈ្លានពានតាមអាកាស» របស់អ៉ីស្រាអែល កំណត់គោលដៅលើទីតាំងយោធាមួយចំនួននៅជិតទីក្រុង Deraa ភាគនិរតី និងបានបង្កការខូចខាតដល់សម្ភារផងដែរ ។ ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រហែល ១និង៤៥នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកងទ័ពស៉ីរីនិងគ្រាប់កាំភ្លើងត្បាល់នៅព្រឹកថ្ងៃពុធនេះ ដែលជាការឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតចេញពីស៉ីរីឆ្ពោះទៅកាន់អ៉ីស្រាអែល៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)