ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជលផលឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ចូលកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនជាតិវៀតណាម២នាក់ និងកាណូតសម្រាប់អូសដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាពកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស ចងអូសតាមកាណូតបម្រុងយកទៅទម្លាក់ក្នុងទន្លេធ្វើជាសម្រាស់ដាក់ស្ទាក់ចាប់ត្រី ។

ករណីបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកដាក់ធ្វើជាសម្រាស់សម្រាប់ចាប់ត្រី បានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកថ្លាន់ (ជាព្រែកអភិរក្សពូជត្រី) ស្ថិតក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហាក់ នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានឲ្យបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលរបស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមដែលបានប្រព្រឹត្តបទល្មើសខាងលើចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ វៀង យាំងទឺ អាយុ៤៧ឆ្នាំ និង ម្នាក់ទៀតឈ្មោះ យាំងសង អាយុ៤៦ឆ្នាំ។ ពួកគេទាំង២នាក់ស្នាក់នៅ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ។

ក្នុងពេលប្រតិបត្តិការបង្រ្កាបបទល្មើស សមត្ថកិច្ចបាន ដកហូតបាន កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន១៥ដើមធំៗ ដែលគេកាប់ក្នុងតំបន់អភិរក្ស ចងអូសជាមួយកាណូត, ប៊ីដុងទឹកជាច្រើន ដែលសម្រាប់ចងបណ្ដែតគល់ឈើដើម្បីងាយស្រួលក្នុងការអូសសណ្ដោងតាមទឹក និងខ្សែជាច្រើនចង្វាយសម្រាប់ចងដើមឈើអូស។

រហូតមដល់ពេលនេះជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ ចន្ថា


ចែករំលែក៖