ប៉េកាំង ៖ យោងតាមសារព័ត៌មាន CGTN របស់រដ្ឋចិន និងសារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្រ្តីចិន បានទទួលមរណភាពដោយសារជំងឺគាំងបេះដូងភ្លាមៗក្នុងវ័យ៦៨ឆ្នាំ ។
បើតាមសារព័ត៌មានរដ្ឋចិន CGTN ថ្មីៗនេះ លោក លី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយពីវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ លោកទទួលមរណភាពនៅអាយុ៦៨ឆ្នាំ។
គួរបញ្ជាក់ថា លោក លី ខឺឈាង គឺជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣៕
ដោយ៖ ស សម