ខេត្តកំពង់ធំ៖ ក្មេងទំនើង២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ បង្កឱ្យមានការភ្លាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅក្រុងស្ទឹងសែន។
ករណីនេះកើតឡើងនៅម៉ោងប្រមាណ២៣និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា បន្ទាប់ពីក្មេងទំនើងទាំង២ក្រុមនេះធ្វើសកម្មភាពហើយទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជន សង្ស័យបានចំនួន១២នាក់ភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់នេះ មន្ត្រីនគរបាលជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ សហការី