ភ្នំពេញ ៖ នៅសល់តែពីរខែទៀតប៉ុណ្ណោះគូស្នេហ៍មួយគូនឹងចូលរោងការហើយ ប៉ុន្តែបែរជាមានរឿងនឹកស្មានមិនដល់មួយបានកើតឡើង ដោយនារីជាគូដណ្ដឹងបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកអាវចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដីមិននិយាយរកគ្នារឿងនារីរងគ្រោះចាញ់បោកលុយគេអស់ចំនួន៣០០ដុល្លារ ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អេីលខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហាក់ ឌីណា អាយុ២២ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី៥ជាមួយគូដណ្តឹងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ចាក់ពីបុរសជាគូដណ្តឹងបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុខ្លួននិងគូដណ្ដឹងបានទាស់សម្ដីគ្នាបន្តិចបន្តួចរឿងចាញ់បោកគេអស់លុយ៣០០ដុល្លារ ។ បន្ទាប់មករូបគេបានចេញពីបន្ទប់ជួលទៅធ្វើការដូចសព្វមួយដង ចំណែកឯនារីរងគ្រោះត្រូវជាគូដណ្តឹងមិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង ។ លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចនាថ្ងៃកើតហេតុខាងលើខ្លួនក៏បានចេញពីធ្វើការត្រឡប់មកបន្ទប់ជួលវិញ ខណៈពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារនិងស្រែកហៅគូដណ្តឹងខ្លាំងៗមិនឃើញនារីរងគ្រោះបើកទ្វារឱ្យសោះ ពេលនោះដែរខ្លួនឆ្ងល់ហើយក៏សម្រេចចិត្តធាក់ទ្វារចូលទៅស្រាប់តែឃើញនារីជាគូដណ្តឹងបានយកអាវចងកនៅលើស្នួដែកដាក់សម្លៀកបំពាក់ស្លាប់បាត់ទៅហើយ ពេលនោះរូបខ្លួនបានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាងជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះមកដល់ធ្វើការពិនិត្យ និងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យទៅលើសពនារីរងគ្រោះ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ក៏បានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ