ខេត្តព្រៃវែង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យ ជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីការពារ បង្ការ ទប់ស្កាត់ កុំឱ្យកើតមានរាល់ល្មើសនានា ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានចុះសួរសុខទុក្ខ ក៏ដូចជាសួរនាំប្រជាពលរដ្ឋដល់ខ្នងផ្ទះ និងអាជីវករលក់ដូរក្នុងផ្សារ អំពីសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ ។
សូមបញ្ជាក់ថា ៖ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនគរបាលខេត្តព្រៃវែង ឬសមត្ថកិច្ចតាម បណ្តារាជធានីខេត្តបានអនុវត្ត រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់។
គឺមូលដ្ឋាន សុខ សុវត្ថិភាពបំផុតដល់ប្រជាពលរដ្ឋ ៕
ដោយ ៖ សហការី