ខេត្តស្វាយរៀង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
អញ្ជើញចូលរួមក្នុងឱកាសនោះដែរមាន លោក ប៉េងពោធ៏សា អភិបាលខេត្ត លោកអភិបាលរងខេត្តស្វាយរៀង គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុងបាវិត លោកអភិបាលស្រុកស្វាយទាប លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងតំណាងផ្នែកឯកជន រោងចក្រ សហគ្រាស ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ក្នុងខេត្តស្វាយរៀង។
ដំណើរចុះបំពេញការងារពេញមួយថ្ងៃ លោក ស៊ុន ចាន់ថុល បានទៅស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត លោកឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យដំណើរការរបស់ក្រុមហ៊ុន Shane Furniture ដែលជាក្រុមហ៊ុនកម្មន្តសាលគ្រឿងសង្ហារឹម និងក្រុមហ៊ុន Califor Upholstery Materials ជាក្រុមហ៊ុនកែច្នៃ និងជ្រលក់ពណ៌ស្បែក។
បន្ទាប់មកលោក បានបន្តចុះទស្សនកិច្ចក្រុមហ៊ុនចំនួន ២ ផ្សេងទៀតគឺក្រុមហ៊ុន XDS Bicycle ដែលជាក្រុមហ៊ុនដំឡើងកង់ និងក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុចាយ ដែលវិនិយោគជាង ៥៩៤ លាន នៅលើផ្ទៃដីទំហំ ៥០ហិកតា ដែលផ្ដល់ឱកាសការងារជូនពលរដ្ឋចំនួន ២.០៥៨នាក់ផងដែរ ៕
ដោយ៖ សុថាន