ភ្នំពេញ៖ មនុស្សប្រុសស្រីជាង៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងបាញ់ត្រី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងចុះឡោមព័ទ្ធស្ថិតនៅអគារ១កន្លែង ដែលមានស្លាកយីហោ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ៖ គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះមកទីតាំងអគារខាងលើ និងបានឡោមព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។
តាមរបាយការណ៍បឋមបានអោយដឹងថា៖ មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ៨៣នាក់ ក្នុងនោះខ្មែរ៦២នាក់ វៀតណាម៨នាក់ ចិន១៣នាក់ ទាំងប្រុសទាំងស្រី។ ដោយសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈដូចជា៖ គ្រឿងអេឡិចត្រូនិច បៀរបាការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារៈលេងល្បែងផ្សេងៗទៀត។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ៕
ដោយ៖ ជីណា