ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែបង្រ្កាបករណីគ្រឿងញៀនដោយបានឃាត់ខ្លួនមុខសញ្ញាម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង នៅព្រឹកថ្ងៃពុធទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ត្រូវ​បាន​កម្លាំងនគរបាលស្រុកសង្កែ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជាក់ស្ដែង​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី នៅចំនុចភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍​ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអ​ធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខេង ឃុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ 

-វត្ថុតាងចាប់យកបានរួមមាន៖ 

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ទម្ងន់១,៥២ក្រាម(ទាំងសំបក)សង្ស័យមានសារធាតុញៀន 

-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន 

-ប្រាក់រៀលចំនួន ១៩,០០០ រៀល(មួយម៉ឺនប្រាំបួនពាន់រៀល)។ 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖