ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបានហើយ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គធម្ម វនវាសី ចន្ទមុនី ទៅទេសនានៅខេត្តកំពត

ចែករំលែក៖

ភ្នំពេញ ៖ «ព័ត៌មានបឋម» ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួន! 

ជននេះបានតាំងខ្លួនជាសែរាជវង្ស ហើយតែងតែក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ! ។

សូមបញ្ជាក់ថា៖ កន្លងទៅថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ដ ព្រះអង្គធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។ 

តាមរយៈការបង្ហោះនេះ ធ្វើអោយប្រជាពលរដ្ឋជ្រួលច្របល់ ចំពោះព័ត៌មានសង្គម ប្រព្រឹត្តដោយបុគ្គលនេះ។ 

ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។

មន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា ៖ ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ  គឺជនសង្ស័យឈ្មោះ ហាក់ ឧត្តម។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាសែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះអង្គធម្មវនវាសី ចន្ទ មុនី ទៅសម្តែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន ចំពោះការចែករំលែកនូវព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាឈ្នាន់ បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។

ទីបំផុត ! សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ដែលបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ 

សូមបងប្អូនមេត្តាផ្ទៀងផ្ទាត់ចំពោះ ព័ត៌មាន ដែលបានបង្ហោះលើ Facebook ករណីខ្លះ ជាព័ត៌មានក្លែងក្លាយ បំប៉ោងព័ត៌មាន បំពុលសង្គម និងជៀសវាងការស៊ែរចែករំលែក ខណៈគ្មានមូលដ្ឋាននោះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖