ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! គ្រូទស្សន៍ទាយដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះត្រូវបានមន្ទីរធម្មការ និងសាសនាឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀតហើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ បង្កើតតែទង្វើនិងសកម្មភាពបំពុលសង្គមធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ ជ្រួលច្របល់ ខ្លះក៏ជឿទាំងពុំបានសិក្សារកការណ៍ពិត ។

ទីបំផុត! គ្រូទស្សន៍ទាយដែលយកស្បង់ចីពរស្លៀកពាក់ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ ត្រូវបានមន្ទីរធម្មការ និងសាសនាឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះទៀត។ 

   សូមបញ្ជាក់ថា៖ អ្នកគ្រូនី ដែលជាគ្រូទស្សន៍ទាយជោគវាសនានិងព្យាបាលជំងឺ ដែលបានយកស្បង់ចីពរព្រះសង្ឃមកស្លៀកពាក់លើខ្លួន ហើយអង្គុយលើផ្កាឈូកថតវីដេអូបង្ហោះលើបណ្តាញសង្គម កាលពីថ្ងែទី ២៩ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យមហាជនរិះគន់, ពេលនេះលោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានចុះទៅដល់កន្លែងរបស់អ្នកគ្រូនី ហើយបានឱ្យធ្វើកិច្ចសន្យានិងបានឱ្យលុបវីដេអូបង្ហោះចេញវិញ។ លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានប្រាប់សារព័ត៌មាននៅថ្ងែទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ៖ លោកបានចុះទៅដល់កន្លែងហើយអ្វីដែលសំខាន់គឺ៣ចំណុចដែលលោកឱ្យសាមីខ្លួនអនុវត្តម្សិលមិញ៖ ទី១-សូមឱ្យលុបចេញនូវវីដេអូឃ្លីបដែលខ្លួនបានបង្ហោះហើយស្លៀកពាក់ស្បង់ចីពរព្រះសង្ឃនោះត្រូវលុបចេញពីបណ្ដាញសង្គមវិញ។  ទី២-សុំដកយកស្បង់ចីពរព្រះសង្ឃមករក្សាទុកនៅសាលាអនុគណក្រុងក្រចេះ និងទី៣-មិនអនុញ្ញាតឱ្យស្លៀកពាក់ស្បង់ចីពរព្រះសង្ឃបែបនេះទៀតនៅពេលក្រោយទេ។ បើសិនជាមិនអនុវត្តតាមកិច្ចសន្យាទាំងបីចំណុចនេះទេ លោកនឹងមានវិធានការច្បាប់ផ្សេងទៀត ហេីយឈ្មោះសុន នី ក៏បានព្រមទទួលអនុវត្តតាមទាំងបីចំណុចនេះផងដែរ។        

សូមបញ្ជាក់ផងដែរថា អ្នកគ្រូនោះមានឈ្មោះ សុខ នី រស់នៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានមុខរបរជាគ្រូទាយជោគវាសនានិងព្យាបាលជំងឺ បានព្រមទទួលយកកិច្ចសន្យាដោយសរសេរថា “នាងខ្ញុំមានឈ្មោះ សុខ នី មានអាសយដ្ឋានបច្ចុប្បន្នដូចខាងលើ តទៅថ្ងៃក្រោយនាងខ្ញុំឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀតហើយ។ បើពេលក្រោយនាងខ្ញុំធ្វើដូច្នេះទៀត នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។ 

    អំពើរបស់ជននេះ បើយកការទស្សន៍ទាយធ្វើជាអាជីវកម្មរបស់ខ្លួនចុះ ប៉ុន្តែកុំបង្កើតរូបភាពដែលហួសព្រំដែន សង្គមយល់ច្រឡំ ហើយសង្ឃឹមថាបងប្អូន មុននឹងជឿមេត្តាពិចារណាផង ជៀសវាង ការប្រើល្បិចណាមួយ ដែលគេរៀបចំ ដើម្បីបានប្រយោជន៍ ពីមនោគមន៍ទស្សន៍ទាយនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖