សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកំពុងសម្លឹងមើលជម្រើសដែលអាចទៅរួចជាច្រើន សម្រាប់អនាគតនៃតំបន់ Gaza Strip ប្រសិនបើក្រុមហាម៉ាស់់ត្រូវបានកម្ចាត់ចេញដោយអ៉ីស្រាអែល។
ថ្លែងប្រាប់គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិក លោក Blinken បាននិយាយថា ស្ថានភាពដើមនៃការដែលតំបន់ Gaza ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ គឺមិនអាចបន្តទៀតបានឡើយ ប៉ុន្តែអ៉ីស្រាអែលក៏មិនចង់គ្រប់គ្រងដែនដីនេះដែរ។ លោកប្រមុខការទូតអាមេរិកបានបន្តថា នៅចន្លោះគោលជំហរទាំងពីរនេះ គឺមានជម្រើសផ្សេងៗជាច្រើន ដែលសហរដ្ឋអាមេរិកផ្ទាល់ ព្រមទាំងប្រទេសដទៃទៀតកំពុងតែសម្លឹងមើលយ៉ាងដិតដល់បំផុត។
លោក Blinken បានលើកឡើងទៀតថា ជម្រើសដែលហាក់សមហេតុផលជាងគេ គឺទុកឱ្យអាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រងតំបន់ Gaza ក៏ប៉ុន្តែសំណួរនៅត្រង់ថា តើរឿងនោះអាចសម្រេចទៅបានដែរឬយ៉ាងណា។ ប្រសិនបើមិនអាចទេនោះ វាប្រហែលតម្រូវឱ្យមានការរៀបចំផ្សេងទៀតជាលក្ខណៈបណ្តោះអាសន្ន ដែលអាចពាក់ព័ន្ធ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ហើយអាចពាក់ព័ន្ធបណ្តាស្ថាប័នអន្តរជាតិ ដែលនឹងជួយផ្តល់ទាំងការធានាសន្តិសុខ និងអភិបាលកិច្ច។
ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្សជាង១,៤០០នាក់ នៅប្រទេសអ៉ីស្រាអែល អ៉ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះទាំងស្រុង តាមរយៈការធ្វើសង្រ្គាមទាំងតាមផ្លូវអាកាសនិងផ្លូវគោក ដែលកំពុងបន្តឥតឈប់ឈរនៅតំបន់ Gaza។ យ៉ាងណាមិញ អ៉ីស្រាអែលហាក់ពុំទាន់មានផែនការច្បាស់លាស់សម្រាប់ទីបញ្ចប់នៃសង្រ្គាមរបស់ខ្លួននៅឡើយទេ។ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែលជាថ្មីម្តងទៀត៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)